ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋមានជីវ ភាពលំបាក និងខ្វះខាត
ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនពលរដ្ឋ ដែលមានជីវភាព លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យរួមមាន ៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ជាក់ស្តែងនៅថ្ងៃនេះ គ្រាន់តែទទួលដំណឹងពីអាជ្ញាមូលដ្ឋាន ថាមានបងប្អូនយើងជួបការលំបាក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានរៀបចំអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនដល់បងប្អូនយើងបានទាន់ពេលវេលា ដើម្បីចូលរួមចំណែកដោះស្រាយ នូវការលំបាកជាក់ស្តែង ហើយបើទោះបីជាអំណោយទាំងនេះ មិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផល ដាំដំណាំ ចិញ្ចឹមសត្វ ឲ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៣៥គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួ, ប្រហុក ១កែវ, និងថវិកាមួយចំនួនផងដែរ ៕