ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់

ឧត្តរមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានបំបែកសំណុំរឿង ករណីឃាតកម្មរំលោភសម្លាប់នៅសង្កាត់អូរស្មាច់ ​ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ រហូតដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយ​និង​កម្លាំង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ បានដឹកនាំចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង លើករណីឃាតកម្មរំលោភសម្លាប់ នៅចំណុចសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឈានដល់ការ​ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មាន​ទីលំនៅ​ភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ទី៣.ឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា ពួកគេទាំង ៣នាក់ ពិតជាបានធ្វើសកម្មភាព លប​ស្ទាក់​ចាប់​ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និង​បោះចូល​ទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតប្រាកដមែន ។

គួរបញ្ជាក់ថា ករណីរំលោភសម្លាប់នេះ កាលពីថ្ងៃទី១៥ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣:០០នាទី ​នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិចំការចេក ​សង្កាត់អូរស្មាច់ ​ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីរំលោភ​សម្លាប់ ដែលបង្កឡើង​ដោយ​ជនសង្ស័យ​មិនស្គាល់​អត្តសញ្ញាណ​ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ​មាន​ទីលំនៅ​រស់នៅភូមិកើតហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់​ ត្រូវបាន​ឃាត់​ខ្លួន​នាំ​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

CATEGORIES
Share This