អាជ្ញាធរបន្តចុះ យុទ្ធនាការក្តៅជាថ្មី ដើម្បីចាប់ប្រមូលជនអនាថា វិបល្លាស និងសតិមិនគ្រប់
បាត់ដំបង ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ក្រោមការដឹកនាំរបស់លោក លាង វាសនា ដែលជាអភិបាលក្រុង បានបន្តចុះយុទ្ធនាការក្តៅជាថ្មី ដើម្បីចាប់ប្រមូលយកជនអនាថា វិបល្លាស សតិមិនគ្រប់ ដើម្បីយកទៅមណ្ឌលបន្សាបព្យាបាល និងស្តានិតិសម្បទា និងមណ្ឌលសុំចតមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង ។
លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានអោយដឹងថា នៅក្នុងយុទ្ធនាការប្រមូលយកបងប្អូននាថ្ងៃនេះ គឺ អនុវត្តធ្វើឡើងតាមការណែនាំបទបញ្ជារផ្ទាល់របស់ឯកឧត្តម សុខ លូ អភិបាលខេត្ត ដែលកំពុងយកចិត្ដទុកដាក់ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សោភ័ណភាពក្រុងធ្វើអោយទីក្រុងស្អាត ពិសេសលុបបំបាត់មិនអោយមានជនអនាថា វិបល្លាស សតិមិនគ្រប់នៅតាមទីសាធារណៈនេះទេ ។
ជាមួយយុទ្ធនាការនាថ្ងៃនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដែលមានកម្លាំងមូលដ្ឋានកងរាជអាវុធក្រុង ដឹកនាំដោយលោក សំ វិឡុង ជាមេបញ្ជាការ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានដឹកនាំកម្លាំងចុះចាប់ប្រមូលបានជនអនាថា វិបល្លាស សតិមិនគ្រប់ សរុបបានចំនួន ២៤នាក់ ដែលពួកគេភាគច្រើនដេកតាមសួនច្បារសាធារណៈ វត្តអារាម ដែលបង្កការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។
លោកអភិបាលក្រុងបានបញ្ជាក់ថា ចំពោះ ជនអនាថា វិបល្លាស សតិមិនគ្រប់ សរុបចំនួន ២៤នាក់ ដែលបានឃាត់ខ្លួននៅថ្ងៃ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មណ្ឌលសុំចតមន្ទីរសង្គមកិច្ច ស្រុកសង្កែ នៃខេត្តបាត់ដំបង ដើម្បីអនុវត្តតាមទៅតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី