ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុកគោយន្តកន្ត្រៃបត់ឆ្លងផ្លូវបណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់
ខេត្តបាត់ដំបង! ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនិងអ្នកបើកបរម្នាក់រងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកប៉ះជាមួយគោយន្តកន្ត្រៃនៅវេលាម៉ោង ០៨និង៤០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ទឹងចក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ គោយន្តបានបត់ឆ្លងផ្លូវ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខប៉ៃលិន1A-1400 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ក្នុងទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿនក៏បានជ្រុលទៅបុកពេញទំហឹងបណ្តាលអោយស្ត្រីអ្នករួមដំណើរពីក្រោយស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររងរបួសធ្ងន់ (បាក់ជើងម្ខាង)។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុ ប្រគល់សពអោយខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកមធ្យោបាយទាំងពីរត្រូវយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។