ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកកាំបិតខ្វែវ កាប់បុរសម្នាក់អោយរបួសធ្ងន់

បាត់ដំបង ៖ កម្លាំង​នៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បានចុះស្រាវជ្រាវស៊េីបអង្កេត រហូតបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធក្នុងករណី​ហិង្សាដោយចេតនា​មានស្ថានទម្ងន់ទោស ។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៩និង០០នាទី​ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២០ ភូមិអូរស្រឡៅ​ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ​ ​វឿន​ ចាន់ទេ​ ភេទប្រុស​ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ បានធ្វេីសកម្មភាពយកកាំបិតខ្វែវកាប់ទៅលេីជនរងគ្រោះឈ្មោះ​ យន់​ យ៉េ​ន​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ មានទីលំនៅចំណុចកេីតហេតុខាងលេី​  ត្រូវចំក្បាលផ្នែកខាងស្តាំមួយកន្លែង​ និងត្រូវចំដៃខាងស្តាំមួយកន្លែង​ ។

​ក្រោយពេលឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងខាងលើ កំពុងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី

CATEGORIES
Share This