ផ្ទះប្រជាពលរដ្ឋ ជាង២០ខ្នង រងការខូចខាត ដោយខ្យល់កន្ត្រាក់

បាត់ដំបង ៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ ខេត្តបាត់ដំបង មានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយ ខ្យល់កន្ត្រាក់ បានវាយប្រហារផ្ទះប្រជាពលរដ្ឋ ជាង២០ខ្នង ផ្លាកគណបក្សចំនួន០១ និងដួលរលំដើមឈើអស់ជាច្រើនដើម ក្នុងស្រុកចំនួន២ នៃខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទី០១ កើតឡើងនៅចំណុចភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២៥ខ្នង ក្នុងនោះធ្ងន់ធ្ងរចំនួន០៨ខ្នង ដួលរលំស្លាកគណបក្សប្រជាជនកម្ពុជា ចំនួន ១ និងរលំដើមឈើ( ចិន )តាមផ្លូវជាតិលេខ៥៩ ចំនួន០៤ដើម តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាមួយឡើយ ។

ករណីទី០២ កើតឡើងនៅចំណុចក្រុមទី១៥ ភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង ទំហំ ៦ម៉ែត្រx៧ម៉ែត្រ របើកដំបូលស័ង្កសីចំនួន ៤០សន្លឹក ដែលមានម្ចាស់ផ្ទះឈ្មោះ ខុន ភក្ដី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ៕
ដោយ ៖ សាលី

CATEGORIES
Share This