ឯកឧត្តម នុត សុខុម បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣
(បាត់ដំបង) នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ នៅឯសាលមហោស្រព ស្ទឹងសង្កែ ក្រុងនិងខេត្តបាត់ដំបង ។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា ប្រជាពលរដ្ឋចំនួន ៨,២១៤,៤៣០នាក់ ស្មើនឹង ៨៤.៥៩% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,៧១០,៦៥៥នាក់ បានទៅបោះឆ្នោតដើម្បីសម្តែងនូវឆន្ទៈរបស់ពួកគាត់ ដោយសេរី និងអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនប្រកបដោយសុវត្ថិភាព គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ។
ឯកឧត្តមបានបន្តទៀតថា ដំណើរការ និងសមិទ្ធផលសំខាន់ៗនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលបានលទ្ធផលល្អនេះ គឺដោយសារតែបានរៀបចំបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដើម្បីបម្រើឱ្យការបោះឆ្នោត ស្របតាមច្បាប់ និងបទបញ្ជាជាធរមាន ។
ឯកឧត្តមបានបញ្ជាក់បន្តថា សមិទ្ធផលទាំងអស់នេះ អាចសម្រេចទៅបានអាស្រ័យលើការគោរពនិងអនុវត្តបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបោះឆ្នោត ប្រតិទិន និងផែនការមេ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនទៀត ហើយក៏មានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងប្រាជ្ញាស្មារតី ក្នុងការអនុវត្តការងារតាមតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធនានាគ្រប់ជាន់ថ្នាក់ ហើយបើទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រេចបាននូវលទ្ធផលជោគជ័យយ៉ាងណាក្តី ក៏យើងនៅតែសង្កេតឃើញថា នៅមានចំណុចខ្វះខាតមួយចំនួនដែលយើងទាំងអស់គ្នាត្រូវតែចូលរួមចំណែកធ្វើការពិភាក្សាគ្នា ក្នុងការដោះស្រាយឲ្យបានល្អនូវចំណុចទាំងនោះ ដើម្បីឲ្យការបោះឆ្នោតលើកក្រោយកាន់តែទទួលបាននូវលទ្ធផលល្អជាងនេះទៀត។