អំណាចនៃថ្នាំញៀនទាញចិត្តបុរសម្នាក់អោយដុតផ្ទះម្តាយខ្លួនឯងចោលឆេះអស់ទាំងស្រុង
(បាត់ដំបង) ផ្ទះឈើ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ ១៥និង២០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី៣ ភូមិ អូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
ករណីអគ្គីភ័យខាងលើនេះដែរបង្កឡើងដោយជនល្មើសឈ្មោះ ភឿន សុភឿយ ភេទប្រុស អាយុ៣២ឆ្នាំ ជាមនុស្សញៀនថ្នាំត្រូវជាកូនបង្កើតរបស់ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សែម ហឿង ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៦ម៉ែត្រ × ៧ម៉ែត្រ សង់អំពីឈើ ដំបូងស័ង្កសី ឆេះអស់ទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះផងដែរ គិតជាទឹកប្រាក់អស់ប្រមាណ ចំនួន៦០០០ ដុល្លារ ( ប្រាំមួយពាន់ដុល្លារ ) ។
ជាមួយករណីអគ្គិភ័យនេះដែរ ក្រោយកើតហេតុរដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា ជាអភិបាលក្រុង បាននាំយកអំណោយសង្គ្រោះបឋមផ្តល់ជូនដល់គ្រួសារជនរងគ្រោះដើម្បីបានប្រើប្រាស់និងហូបចុកសម្រួលដល់ការលំបាកភ្លាមៗផងដែរ។