ប្រជាពលរដ្ឋក្នុងក្រុងសំរោង សំណូមពរដល់ក្រុមហ៊ុនផ្សារ និងអាជ្ញាធរ ជួយរៀបចំសណ្តាប់ធ្នាប់ ក្រោយមានអាជីវកច្រើននាក់លក់ដូរលើផ្លូវសាធារណៈ

(ខេត្តឧត្តរមានជ័យ) ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសំណូមពរទៅដល់ក្រុមហ៊ុនផ្សារសំរោង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយរៀបចំសណ្តាប់ធ្នាប់ ក្រោយមានអាជីករាប់សិបនាក់យកផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរបង្កការកកស្ទះពិបាកដល់ការរស់នៅនិងធ្វើដំណើរផងដែរ។

ប្រជាពលរដ្ឋបានអោយអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះថា ជិត៣ឆ្នាំមកហើយដែលអាជីវកបាននាំគ្នាមកលក់នៅលើផ្លូវបេតុងសាធារណៈក្បែផ្សារសំរោងមួយនេះ ដោយពួកគាត់មកលក់តៗគ្នារហូតពេញផ្លូវតែម្តង ហើយមិនដែលឃើញមានខាងក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធណាមួយចុះមករៀបចំឡើយធ្វើអោយពួកគាត់ជាម្ចាស់ផ្ទះមិនមានផ្លូវចូលឡាន ចូលម៉ូតូ ជាពិសេសពួកគាត់មានការព្រួយបារម្ភខ្លាចមានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងដោយយថាហេតុណាមួយមិនមានផ្លូវសំរាប់រថយន្តពន្លត់អគ្គីភ័យចូលទៅសង្គ្រោះបានទាន់ពេល។

ពាក់ព័ន្ធទៅនិងការលើកឡើងខាងលើនេះដែរ លោកស្រី ឡាញ់ សុខា ប្រធានក្រុមហ៊ុនផ្សារសំរោង បានអោយដឹងថា តាមពិតខាងផ្សារគឺចង់រៀបចំសណ្តាប់ធ្នាប់ណាស់ ព្រោះផ្សារមានកន្លែងអោយគាត់លក់ដូរ តែខាងក្រុងមិនអនុញ្ញាតអោយរៀបចំសណ្តាប់ធ្នាប់ទេ បើទោះបីជាគាត់បានស្នើសុំជាច្រើនឆ្នាំមកហើយ រួមទាំងប៉ូលិសប៉ុស្តិ៍នៅនឹងផងដែរគាត់មិនព្រមសហការទាល់តែសោះ ចំណែកលោកស្រីគឺចង់រៀបចំសណ្តាប់ធ្នាប់ផ្សារលោកស្រីអោយក្លាយជាផ្សារមួយដែលមានគំរូ កុំអោយគេថាខេត្តយើងតូចហើយមិនរៀបចំអោយបានល្អ។

ចំណែកលោក ផុន ចាន់និល អភិបាលក្រុងសំរោង បានអោយដឹងដែរថា ពីពេលមុនលោកធ្លាប់បានរៀបចំដែរ ប៉ុន្តែដោយសារផ្សារនោះ មនុស្សលក់ច្រើនជាងបរិមាណ ណាមួយការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋតាមនិងជាកញ្ច្រែង ល្អី បន្លែបន្លុករបស់គាត់ ដោយគាត់មិនមានកន្លែងលក់ខាងក្នុង តែមិនអីទេ លោកដឹងព័ត៌មានអញ្ចឹង លោកនិងចុះទៅពិនិត្យស្រាវជ្រាវបន្ថែមទៀត ហើយនិងធ្វើការរៀបចំ។

CATEGORIES
Share This