ប្រកាសតែងតាំង ព្រះគ្រូសីលវិសុទ្ធោ ឡាំ យ៉ារី ជាព្រះចៅអធិការ វត្តឬស្សីក្រោក
បន្ទាយមានជ័យ ៖ ព្រះជ័យមុនី ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ ដើម្បីទទួលគ្រប់គ្រងលើភារកិច្ចដ៏ឧត្ដុង្គឧត្ដម ត្រូវមានឯកភាពសាមគ្គីភាពដោយឈរលើស្មារតីបង្រួបបង្រួម និងការប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៌ទាំងបួន គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។
ព្រះមេគណ មានសង្ឃដីការ ក្នុងពិធីប្រកាសតែងតាំងនិងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះគ្រូសីលវិសុទ្ធោ ឡាំ យ៉ារី ដែលជាព្រះចៅអធិការវត្ត វេឡូវនារាម ឫស្សីក្រោក ហៅវត្តឫស្សីក្រោក នៅក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ និងព្រះវិជ័យមុនី ធុល សុធា ព្រះមេគណខេត្ត បានមានប្រសាសន៍ និង សង្ឃដីកាថា រាជរដ្ឋាភិបាល បានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូប និងការគោរពប្រតិបត្តិ ដល់ជំនឿសាសនា យើងគ្រប់រូបសុទ្ធតែ មានសាសនាផ្សេងៗ ទៀតតាំងនៅជាទីគោរពបូជាផ្នែកសាសនានីមួយៗ តែងតែមានការបង្រៀនប្រៀនប្រដៅដល់មនុស្សឲ្យធ្វើអំពើជាកុសល ការគោរពវិន័យខាងសាសនា ក៏មិនខុសពីការគោរពច្បាប់របស់រដ្ឋដែរសម្រាប់ឲ្យមនុស្សស្គាល់អំពីបុណ្យបាបនឹងស្អប់ នៃអំពើទុច្ចរិតអបាយមុខផ្សេងៗ ដែលប្រាសចាកពីសីលធម៌ និងវិន័យសាសនាដូចជា ផ្ទុយនឹងច្បាប់របស់រដ្ឋដូចគ្នាដែរ ។ ម្យ៉ាងវិញទៀត សាសនាទាំងឡាយ ដែលមានក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន គឺមានសុខដុមនឹងគ្នាយ៉ាងត្រជាក់ត្រជុំប្រកបដោយសន្តិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត រូបរួមគ្នានូវគោលដៅ មួយគឺសេចក្ដីសុខក្សេមក្សាន្ត និងការចូលរួមអភិរក្សសង្គមជាតិ ។
លោក បៀវ ថាន ក៏បានធ្វើការផ្ដាំផ្ញើ ដល់គណសង្ឃវត្ត ដែលត្រូវបានប្រកាសតែងតាំងនាថ្ងៃនេះ និងអាចារ្យគណៈកម្មការវត្ត ពង្រឹងនូវគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងវត្តអារាមឲ្យមានរបៀបរៀបរយ ដោយសាមគ្គីភាព និងរក្សាតម្លៃព្រះពុទ្ធសាសនាទៅឲ្យវត្តអារាមតែងតែជាមណ្ឌលចំណេះដឹង ផ្នែកលើប្រព័ន្ធអប់រំផ្លូវចិត្ត នៃការប្រើអំពើហិង្សា និងលើកទឹកចិត្តដល់សមណសិស្ស គ្រប់ព្រះអង្គ ឲ្យបន្តខិតខំយកចិត្តទុកដាក់ទៅសិក្សារៀនសូត្រ ព្រះធម៌វិន័យរដ្ឋបាល បានល្អ ពិសេសរក្សាសាមគ្គីផ្ទៃក្នុង ដើម្បីចៀសវាងនូវទំនាស់អធិករណ៍ផ្សេងៗ ៕