រដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលបានសម្រេចកន្លងមក និងលើកទិសដៅអនុវត្តបន្ត

(បាត់ដំបង) នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដើម្បីបូកសរុបលទ្ធផលការងារដែលបានសម្រេចកន្លងមក និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែបន្តទៀត ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្តទៀតក្នុងភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាព ពិសេសបន្តជំរុញយ៉ាងសកម្ម អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ការទប់ស្កាត់ បង្ក្រាបបទល្មើស និងធានាបានសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនោះនៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវទាមទារឱ្យមានការរួមសហការគ្នាត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តឱ្យបានតឹងរ៉ឹងបំផុតនូវវិធានការច្បាប់ ។

ឯកឧត្តមក៏បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តនូវបញ្ហាបទល្មើសគេចពន្ធគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តចុះបង្រ្កាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ដោយមិនត្រូវឱ្យកើតមាននៅតាមភូមិឃុំ ឬភូមិសាស្រ្ដណាមួយឡើយ ពិសេសបញ្ហាអនាម័យបរិស្ថានក៏នៅតែបន្តពង្រឹងដែរ ដោយក្នុងនោះរដ្ឋបាលក្រុង ស្រុកទាំង១៤ ត្រូវធ្វើការរៀបចំសណ្ដាប់ធ្នាប់អនាម័យ នៅតាមទីប្រជុំជនរបស់ខ្លួន ក៏ដូចជាការរៀបចំកន្លែងលក់ដូរ សណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយជាប់ជាប្រចាំផងដែរ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមក៏បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំសណ្ដាប់ធ្នាប់នៅត្រង់ចំណុចសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ដែលទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ និងពិភាក្សាអំពីការរៀបចំទិសដៅចរាចរណ៍ឡើងវិញ នៅតំបន់ជុំវិញវិមានឯករាជ្យនេះ ដើម្បីបង្កការកកស្ទះចរាចរណ៍ និងសម្រួលចរាចរណ៍នៅតំបន់នេះឱ្យមានភាពរលូនទៅមុខ ៕

CATEGORIES
Share This