គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ ក្នុងក្រុងសិរីសោភ័ណ គ្រោងនឹងបញ្ចប់ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២៤
បន្ទាយមានជ័យ ៖ គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ ដែលបានអនុវត្តសម្រេចបានប្រមាណជា៥០%ហើយនោះ គ្រោងនឹងបញ្ចប់ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់២២លានដុល្លារអាមេរិក ដែលជាកម្ចីហិរញ្ញប្បទាន ADB ។
នេះបើតាមការឲ្យដឹង ពីមន្ត្រីជំនាញរដ្ឋបាលក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ខណៈពេលដែលឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលក្រុមការងារអនុវត្ត “ គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាបជំហាន២” ក្នុងក្រុងសិរីសោភ័ណ ដែលកំពុងអនុវត្ត និងបានធ្វេីការជួសជុលផ្លូវឡើងវិញជាបណ្តេីរៗ នូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយសារគម្រោង នៅក្នុងនៅភូមិតារាងបាល់ (ផ្លូវ យ៊ាំង ម៉េងតុល)សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
មន្ត្រីដដែល បានបញ្ជាក់ថា ការអនុវត្តគម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ មានអនុគម្រោង២ ៖ អនុគម្រោងទី១ កែលម្អប្រព័ន្ធលូទឹកកង្វក់(ប្រភេទលូ អ៊ុយ) និងអាងចម្រុះ និងអនុទី២ កែលម្អទីលានចាក់សំរាម (អនុវត្តជំហានបន្ទាប់ ឆ្នាំ២០២៤) ។ អនុគម្រោងទី១ ត្រូវបានអនុវត្ត ភ្ជាប់ប្រព័ន្ធលូតាមផ្ទះ ក្នុងផែនការគម្រោងទូទាំងក្រុង មាន៤សង្កាត់រួមមាន សង្កាត់កំពង់ស្វាយ សង្កាត់ព្រះពន្លា សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា ដែលបានប្រវែងចំនួន១១២គីឡូម៉ែត្រ។ បច្ចុប្បន្ននេះអនុវត្តសម្រេចបានចំនួន៥០%ហេីយ គ្រោងបញ្ចប់ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២៤នាពេលខាងមុខ។ ដោយឡែកចំពោះគម្រោងដែលបានអនុវត្តរួច អ្វីដែលធ្វេីប៉ះពាល់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារនិងធ្វេីការជួសជុលឡេីងវិញទាំងអស់។ ចំពោះអត្ថប្រយោជន៍ ដែលពលរដ្ឋទទួលបាន ១-ការតភ្ជាប់ជូនឥតគិតថ្លៃ, ២- ពលរដ្ឋលែងព្រួយបារម្ភស្ទះបង្គន់ ស្ទះប្រព័ន្ធលូទឹក, ៣-បរិស្ថាននៅជុំវិញផ្ទះស្អាត គ្មានក្លិនស្អុយ, ៤-ទឹកកង្វក់ត្រូវបានចម្រុះ មុនបញ្ចូលទៅក្នុងស្ទឹង ដែលមិនប៉ះពាល់មច្ឆាជាតិឡេីយ ៕