អធិការនគរបាលក្រុងពោធិ៍សាត់ តាមប្រមាញ់ និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ បាន០៦នាក់ហើយ ក្រោយកាប់ជនរងគ្រោះដាច់កដៃ
ពោធិ៍សាត់ ៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ក្រោមការបញ្ជាដឹកនាំផ្ទាល់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុង ជាក់ស្ដែងកម្លាំងសមត្ថកិច្ចយើងធ្វើការបង្ក្រាបបានក្រុមជនសង្ស័យបានចំនួន០៦នាក់ ដែលបានកាប់ទៅលើជនរងគ្រោះរហូតដាច់កដៃ ដែលបានកើតឡើងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលបង្ករឡើងដោយជនសង្ស័យ០១ក្រុម (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស មានគ្នាប្រហែល០៧នាក់ បានធ្វើសកម្មភាពបាញ់គ្រាប់ជំពាម និងកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឆ ឈន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលអោយដាច់កដៃ ខាងឆ្វេងតែម្តង ក្រោយពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់។
លោកវរសេនីយ៍ឯក កែវ សារិ បានឱ្យដឹងថា កម្លាំងអធិការក្រុងពោធិ៍សាត់ សហការណ៍ជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ដែលមានការសម្របសម្រួលដោយឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងបានចុះទៅសហការណ៍ជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្តាន់ បានស្រាវជ្រាវចាប់បានជនសង្ស័យជាបន្តបន្ទាប់ដោយចាប់ពីពេលថ្ងៃត្រង់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ពីបក្សពួកឈ្មោះ ឈន ឆៃយ៉ា និងបានឃាត់ខ្លួនចំនួន០៥នាក់ទៀត មានឈ្មោះ ១-ឈ្មោះ រឹម ភារៈ ហៅអារ៉េ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រំាងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់, ២-ឈ្មោះ សួន សុខរ៉ា ហៅប៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រំាងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់, ៣-ឈ្មោះ ញ៉ សុជាតិ ហៅធំ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រំាងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់, ៤-ឈ្មោះ ឌឹប សុផាន់ណាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូងជួរ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់, ៥-ឈ្មោះ ទុយ ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងវត្ថុតាងរួមមាន ១-ម៉ូតូចំនួន០៣គ្រឿង ម៉ាកហុងដាឌ្រីម, ២-កាំបិតផ្គាក់ដងឈើចំនួន០១ដើម (កាំបិតធ្វើសកម្មភាព) ហើយសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជា្រវ និងកំណត់មុខសញ្ញាជាបន្តបន្ទាប់ទៀត រីឯជនរងគ្រោះខាងលើ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យខេត្តពោធិ៍សាត់។