រដ្ឋមន្រ្តីក្រសួងសាធារណការ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ម្សិលមិញនេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការបុគ្គលិកកម្មករ និងមន្ត្រីចូលនិវត្តន៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ។
លោក សុក ចាន់ថា ដែលជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ឲ្យដឹងថា បណ្ដាញផ្លូវជាតិ ផ្លូវខេត្ត ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មន្ទីរមានចំនួន២៥ខ្សែ ប្រវែងសរុបចំនួន៧៣៤.៦៤គីឡូម៉ែត្រ​ ក្នុងនោះផ្លូវក្រាលបេតុងកៅស៊ូ AC ​មានប្រវែង ១២៩.៦៧គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូឌីDBST មានប្រវែង ៣៨៨.២៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុងសរសៃដែកមានប្រវែង ៤.០៣គីឡូម៉ែត្រ ផ្លូវដីល្បាយថ្មប្រវែង ១៨៧.០៧គីឡូម៉ែត្រ និងផ្លូវដីប្រវែង ២៥.៦០គីឡូម៉ែត្រ។ ការងារសាងសង់ច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ ទៅផ្លូវជាតិលេខ៥ ​ក្រោមហិរញ្ញប្បទាន​របស់រាជរដ្ឋាភិបាល ​នៃព្រះរាជាណាចក្រថៃ ទើបនឹង​បញ្ចប់នៅចុងឆ្នាំ ២០២៣ខាងមុខនេះ។ ​ការរងារស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ​បាត់ដំបង សេរីសោភ័ណ ពី២កន្លង ទៅ ៤កន្លងប្រវែង៨៤.៧៤គីឡូម៉ែត្រ ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ​ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការកាលពីថ្ងៃទី ១០ខែមករា ឆ្នាំ២០២២ កន្លងទៅ ​ការងារស្តារឡើងវិញកំណត់ផ្លូវជាតិលេខ​ ៥សេរីសោភ័ណ ប៉ោយប៉ែត ​ពី២គន្លង ទៅ៤គន្លងសរុបប្រវែង ​៣៥,១៤គីឡូម៉ែត្រ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ។ នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍​កោតសរសើរដោយស្មោះ ​ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីកម្មករ ទាំងអស់ ដែលបាន​ខិតខំរួមគ្នាសាមគ្គីបំពេញភារកិច្ចពីច្រើននៃវិស័យសាធារណការ ​និងដឹកជញ្ជូនទទួល​បាននូវភាពជោគជ័យ ​ហើយលទ្ធផលដែលកាត់ចេញសម្រេចបាននាពេលកន្លងមក កើត​ចេញពីការសហការការងារសាមគ្គីភាពផ្ទៃ ក្នុងភាពយកចិត្តទុកដាក់ព្រមទាំងបាន សហការ​យ៉ាងល្អ​ជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
ឯកឧត្ដម បានបន្តថា វិស័យសាធារណការនិងដឹកជញ្ជូនជាវិស័យអាទិភាពដែលកំពុងតែយកចិត្តទុក​ដាក់ក្នុងការអភិវឌ្ឍ​នៃហេដ្ឋារចនា​សម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់​កាលទី១ អាទិភាពគន្លឹះ៥ មានមនុស្សផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល។ ការពង្រឹង​និងការកែ​លម្អនៃការ​គ្រប់គ្រងធនធានមនុស្ស​ដើម្បីប្រែក្លាយទៅជាមនុស្ស និងវិស័យសាធារណការ និងដឹកជញ្ជូន​ឱ្យកាន់តែមានសមត្ថភាពមានវិជ្ជាជីវៈច្បាស់លាស់ ​និងមានប្រសិទ្ធភាព​និង​ការបំពេញការងារ ការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន​រួមចំណែក​ជំរុញ​តាមរយៈការលើកកម្ពស់ការធ្វើបដិវត្តន៍កម្មឌីជីថល ។ ​ពង្រឹង​គុណភាពមន្ត្រី ​និងបច្ចេកទេស ​និង​វិស័យសាធារណការ និងដឹកជញ្ជូន​ពិសេសក្នុងការផ្ដល់​សេវាសាធារណៈការថែទាំ និងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ៕

 

 

CATEGORIES
Share This