ផ្លូវកៅស៊ូមួយខ្សែពីផ្លូវជាតិលេខ៥ ទៅឃុំសឹង្ហ រងការខូចស្ទើរទាំងស្រុងយូរឆ្នាំហើយ មិនទាន់មានការជួសជុលឡើងវិញ

បន្ទាយមានជ័យ ៖ ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង២៤គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ចំណុចឃុំសូភីទៅឃុំសឹង្ហ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរងការខូចខាតស្ទើរទាំងស្រុងយូរឆ្នាំមកហើយ នៅមិនទាន់មានការជួសជុល ឫស្តាឡើងវិញនោះទេ ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំសូភី ដែលកំពុងធ្វើដំណើរតាមគោយន្តកន្ទ្រៃយ៍ចេញពីមើលស្រែ នៅជាប់ខាងកើតផ្លូវដែលរងការខូចខាងលើ បានអោយដឹងថា ប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យលើការធ្វើដំណើរតែផ្លូវមួយនេះ មានពីឃុំគឺពលរដ្ឋនៅឃុំសឹង្ហ និងឃុំសូភីរបស់លោក ហើយផ្លូវមួយខ្សែនេះ រងការខូចបន្តិចម្តងៗរហូតស្ទើរទាំងស្រុង មកដល់ពេលនេះ ពីរទៅបីឆ្នាំហើយបន្ទាប់ពីស្ថាបនាថ្មីជាផ្លូវកៅស៊ូរួច មិនបានប្រមាណជាពីរឆ្នាំផង ក៏ត្រូវរងការជនលិចដោយទឹកជំនន់ជាប់ៗ គ្នាពីឆ្នាំ២០២០ ។

ប្រជាពលរដ្ឋបានអោយដឹងទៀតថា តាំងពីដើមឡើយពលរដ្ឋឃុំសឹង្ហ និងឃុំសូភី ដែលមានតែផ្លូវមួយខ្សែនេះប្រើប្រាស់សម្រាប់ធ្វើដំណើរទៅទីរួមខេត្ត ឬដឹកកសិផល កូនចៅត្រូវទៅរៀន គឺ ផ្លូវពិបាកណាស់មិនដែលមានផ្លូវស្អាតឡើយ ។ លុះពេលមានផ្លូវស្អាត ជាកៅស៊ូ ពួកគាត់ពិតជាសប្បាយរីករាយណាស់ធ្វើអោយភូមិឃុំរបស់គាត់ ស្រស់បម្រងមានអ្នកពីខេត្ត ឬពីទីរួមស្រុក ចេញចូលតែមិនបានប៉ុន្មានឆ្នាំ ផ្លូវក៏ខូចទៅវិញ ។

ក្នុងនាមប្រជាពលរដ្ឋ គាត់សំណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចជារដ្ឋាភិបាល មេត្តាជួសជុល ឬស្ថាបនាផ្លូវមួយខ្សែនេះវិញផង ដើម្បីអោយពលរដ្ឋបានធ្វើដំណើរស្រួល និងឆាប់រហ័សភ្ជាប់ពីជនបទទៅខេត្ត ។

ទាក់ទងនឹងបញ្ហាផ្លូវនេះលោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានអោយដឹងថា លោកបានដឹងពីទុក្ខលំបាករបស់ពលរដ្ឋ លើការធ្វើដំណើរពិតមែន ក្នុងនោះ លោកមិនបានប្រងើយកណ្តើយឡើយ បានស្នើទៅខាងក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាក្រសួងសាមុី ក្នុងការស្ថានាផ្លូវមួយខ្សែនេះ ចំនួនពីរលើកហើយ តែមិនឃើញមានចណាត់ការអ្វីឡើយ ហើយលោកនៅតែស្នើទៅថ្នាក់លើដែរ ។

ដោយឡែកបើតាមលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានអោយដឹងដែលថា ផ្លូវដែលរងការខូចខាងលើ មានប្រវែង២៤គីឡូម៉ែត្រ ត្រូវបានស្ថាបនារួចឆ្នាំ២០១៨ តែក្រោយមកក៏ត្រូវទឹកជំនន់ជនលិចពីរបីឆ្នាំជាប់គ្នាបណ្តាលអោយទឹលច្រោះខូចគ្រឹះទើបធ្វើអោយផ្លូវនេះរងការខូចខ្លាំង ។ ចំពោះមុខមន្ទីរមិនទាន់ទទួលបានថវិកាពីក្រសួងក្នុងការស្តា ឬក៏ជួសជុលស្ថាបនាផ្លូវ ដែលរងការខូចនោះទេ ហើយបើនិយាយទៅ ទូទាំងខេត្តមានផ្លូវជាង៦០ខ្សែដែលរងការខូច ហើយគម្រោងអនុវត្តន៍ឆ្នាំ២០២៣ ដល់២០២៨ មានផ្លូវប្រវែងជាង៣០០គីឡូម៉ែត្រ ដែលត្រូវស្តារឡើងវិញតែគម្រោងនេះមិនទាន់បានអនុម័តនៅឡើយ ៕

CATEGORIES
Share This