លោកជំទាវ បាន ស្រីមុំ អបអរសាទរ និងលើកទឹកចិត្តកូនៗ ក្មួយៗ ចំពោះលទ្ធផលប្រឡងបាក់ឌុប
ប៉ៃលិន ៖ លោកជំឱទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បន្ទាប់ពីមានការប្រកាសលទ្ធផល នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមមកលោកជំទាវ បានបង្ហោះសារជាសាធារណៈ ដោយអបអរសាទរដល់កូនៗ ក្មួយៗ ទាំងឡាយ ដែលបានប្រឡងទទួលលទ្ធផលល្អ ជាប់ និងលើកទឹកចិត្តកូនៗ ប្រលងធ្លាក់ ខិតខំកែប្រែភាពខ្វះខាតបំពេញបន្ថែម រង់ចាំឪកាសឆ្នាំក្រោយ ដណ្តើមយកភាពជោគជ័យមកវិញ ។
បន្ថែមពីការអបអរ និងលើកទឹកចិត្ត លោកជំទាវ បានលើកឡើងទៀតថា ប្រឡងជាប់ និរទ្ទេសអ្វី ឬធ្លាក់ មិនបានកំណត់អនាគតរបស់កូនៗ ក្មួយៗ ទាំងអស់គ្នាទេ ។ កុំបន្ទោសខ្លួនឯងអី កុំបាក់ទឹកចិត្ត កុំអំនួត កូនៗ ក្មួយៗ បានខំប្រឹងធ្វើបានល្អហើយ ឥឡូវប្រឡងបានចប់ លទ្ធផលក៏បានចេញមកហើយ មិនអាចកែប្រែអ្វីបានទៀតទេ សំខាន់កូនៗ ត្រូវរិះគិតរកជំហ៊ាន ត្រូវបោះបន្ទាប់ទៅមុខទៀត ថាតើត្រូវធ្វើអ្វីខ្លះទៀត? ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គម ? ហើយយកលទ្ធផលមិនល្អ ជាបទពិសោធន៍ ដើម្បីបន្តរទៅមុខ កែតម្រូវកន្លែងខ្វះខាតកន្លងមក ទៅរកភាពជោគជ័យអនាគត ដ៏ល្អនៅខាងមុខ កូនៗនៅមានឪកាសច្រើន ព្រោះប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ចំណែកគោលនយោបាយរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចបវរធិបតី គឺ លើកកំពស់អធិភាពជាចម្បងលើវិស័យ អប់រំដើម្បីបណ្តុះបណ្តាលបង្កើនធនធានមនុស្សអោយកាន់តែមានសម្ថភាពប្រកបដោយគុណភាព ។
សូមបញ្ជក់ថា តាមលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡងឆ្នាំ២០២៣ នៅខេត្តប៉ៃលិន មានបេក្ខជនប្រឡងជាប់ចំនួន៥០០នាក់ ក្នុងនោះមានបេក្ខនារី២៨៩នាក់ លើបេក្ខជនមកប្រឡងបសរុប៦៣២នាក់ ទទួលបាននិទ្ទេសAវ៤នាក់ ក្នុងនោះស្រី២នាក់ កើនលើសឆ្នាំមុន២នាក់, និទ្ទេសB ១៨នាក់ ស្រី១២នាក់, និទ្ទេសC មាន៨៣នាក់ ស្រី៥៣នាក់, និទ្ទេសDនមានចំនួន១៩៨នាក់ស្រី១២១នាក់, និទ្ទេសE មាន១៩៧នាក់ ស្រី១០១នាក់ ៕