រដ្ឋបាលខេត្តបាត់ដំបង កំពុងពន្លឿនការរៀបចំ ទីតាំងប្រារព្វកម្មវិធីអកអំបុក សំពះព្រះខែ នៅខាងមុខវិមានឯករាជ្យ
បាត់ដំបង ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីនៃមន្ទីរពាក់ព័ន្ធ ចំណុះអោយរដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងពន្លឿនការរៀបចំតុបតែង ទីតាំងបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ដើម្បីត្រៀមប្រារព្វកម្មវិធីអកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង បានអោយដឹងថា ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥កើត និង ថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ហើយក្នុងស្មារតីថែរក្សាការពារ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូផង់ និងដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជនបានកម្សាន្តសប្បាយ ក្រោមម្លប់សន្តិភាព រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំកម្មវិធីអកអំបុក សំពះព្រះខែ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃច័ន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៩និង០០នាទីយប់តទៅ នៅបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ។
ជាមួយកម្មវិធីអកអំបុក សំពះព្រះខែ នៅក្រុងបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបងក៏បានរៀបចំកម្មវិធីដាល់អំបុក សម្តែងសិល្បៈ សៀក និងចម្រៀងបុរាណ នៅបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យផងដែរ ដូច្នេះសូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករ ៕
ដោយ ៖ សាលី