រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធពិធីអបអរសាទរថ្ងៃបុណ្យវិសាខបូជា និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១,០៦៦អង្គ
ខេត្តបាត់ដំបង! រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីអបអរសាទរថ្ងៃបុណ្យវិសាខបូជា និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១,០៦៦អង្គ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវត្តពោធិ៍វាល ស្ថិតក្នុងក្រុងបាត់ដំបង។
នាឱកាសនេះដែរបន្ទាប់ ពីសុន្ទរកថាស្វាគមន៍អបអរសាទរថ្ងៃបុណ្យវិសាខបូជាដោយព្រះមហា សុខ រី ធម្មអនុគណក្រុងបាត់ដំបង រៀបរាប់អំពីបុណ្យវិសាខបូជា ជាបុណ្យខួបមួយធ្វើឡើងដើម្បីរំលឹកដល់នក្ខត្តសម័យសំខាន់ៗបីយ៉ាងដែលបានកើតឡើងក្នុងព្រះពុទ្ធសាសនា ចំពោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងរួមមាន! ការប្រសូត ការត្រាស់ដឹង និងការបរិនិព្វាន រួចមក ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បុណ្យវិសាខបូជាគឺជាបុណ្យដ៏ធំនៅក្នុងព្រះពុទ្ធសាសនា ហើយយើងអាចមកជួបជុំគ្នាបានយ៉ាងច្រើនកោះករបាន ក៏ដោយសារសន្តិភាព ហើយសន្តិភាពនេះកើតឡើងដោយមានការខិតខំពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានសម្តេចជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ដែលលោកបានខិតខំតស៊ូ លះបង់គ្រប់បែបយ៉ាងដើម្បីរំដោះប្រទេសជាតិពីរបបខ្មែរក្រហម រហូតមានការរីកចំរើនលើគ្រប់វិស័យ ហើយបើនិយាយពីខេត្តបាត់ដំបងមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជាបង្គោលក្នុងការជួយអោយមានការរីកចំរើន រឹងមាំ ទាំងបែបព្រះពុទ្ធសាសនា ក៏ដូចជាវិស័យខាងរដ្ឋផងដែរ។
ឯកឧត្តមបន្តថា សម្តេចហ៊ុន សែន គឺជាព្រះរស់ បើមិនមានសម្តេច ហ៊ុន សែន ទេយើងមិនអាចមានការជួបជុំធ្វើពិធីនៅទីទេ ព្រោះសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំងអោយយើងចាក់រហូតដល់៣ដង៤ដងគ្រប់ៗគ្នាដោយមិនយកប្រាក់ ទាំងព្រះសង្ឃ ទាំងក្រហោះ ទាំងកុមារា កុមារី ចាប់ពីអាយុ៣ឆ្នាំឡើង ដូច្នេះឯកឧត្តមក៏សូមអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ជួយណែនាំដល់បងប្អូនដែលមិនទាន់បានចាក់វ៉ាក់សាំង ឬបានចាក់ត្រឹមពីរដង សូមបន្តចាក់លើកទី៣ និងលើកទី៤បន្ថែមទៀត នៅទីតាំងជាច្រើនកន្លែងដែលអាជ្ញាធរបានរៀបចំ។
បន្ថែមពីនេះទៅទៀត ឯកឧត្តមក៏បានអំពាវនាវទៅដល់បងប្អូនទាំងអស់បន្តខិតខំគោរពច្បាប់ចរាចរណ៍ដើម្បីរក្សាអាយុជីវិតទ្រព្យសម្បត្តិរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសបញ្ហាគ្រឿងញៀនដែលសព្វថ្ងៃកំពុងវាយលុកនៅក្នុងសង្គមយើងច្រើន ដូច្នេះត្រូវចាត់ទុកគ្រឿងញៀនជាសត្រូវរបស់យើង នឹងមួយវិញទៀតបញ្ហាអនាម័យបរិស្ថាន ដែលយើងទាំងអស់គ្នាត្រូវគិតគូរ ដូច្នេះយើងមិនអាចទុកអោយបញ្ហាសំរាម បញ្ហាអនាម័យបរិស្ថាននេះ បង្អាប់បន្ថោកកិត្តិយសរបស់យើង និងជាតិសាសន៍យើងបានទេ យើងត្រូវរួមគ្នាភ្ញាក់រលឹក ព្រោះបញ្ហាសំរាមគឺជាបញ្ហាយើងទាំងអស់គ្នា ហើយបើយើងទាំងអស់គ្នាមិនចូលរួម អត់មាននណារម្នាក់ចូលរួមជំនួសយើងបានទេ។
គួរបញ្ជាក់ថា ពិធីអបអរសាទរថ្ងៃបុណ្យវិសាខបូជានាថ្ងៃនេះ ក៏មានការរៀបចំដង្ហែជាក្បួន តាមផែននីមួយៗ នៅតាមដងផ្លូវ និងមានការរាប់បាត្រដល់ព្រះសង្ឃចំនួន ១,០៦៦អង្គផងដែរ។