រថយន្តបំពាក់ទូត្រជាក់ជាច្រើនគ្រឿង សង្ស័យដឹកទំនិញបំណែកសាច់បង្កក ឆ្លងដែនចូលកម្ពុជា តាមច្រកអូរស្មាច់
ក្នុងមួយថ្ងៃៗត្រូវបានគេសង្កេតឃើញថា មានរថយន្តប្រភេទទូឃ្លុបបំពាក់ដោយម៉ាស៊ីនត្រជាក់ ឬទូក្លាសេតូចធំប្រមាណជាង ១០គ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនទំនិញឆ្លងដែនចូលកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដោយពុំឃើញមានសមត្ថកិច្ចជំនាញប្រចាំការនៅច្រកទ្វារនោះត្រួតពិនិត្យឬឆែកឆេឡើយ ដែលករណីនេះ ត្រូវប្រជាពលរដ្ឋសង្ស័យថា មានដឹកបំណែកសាច់បង្កក ដែលពួកគាត់ចាត់ទុកថា ជាសាច់ច្បាប់ហាមឃាត់ ឬខុសច្បាប់។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មានរថយន្តប្រភេទទូឃ្លុបបំពាក់ដោយម៉ាស៊ីនត្រជាក់តូចធំប្រមាណជាង១០គ្រឿង បានដឹកទំនិញបែបនេះ ចូលតាមច្រកទ្វារអូរស្មាច់ ឆ្ពោះទៅផែស្ងួតដែលនៅចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីទីតាំងច្រកទ្វារ គឺស្ថិតនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ប៉ុន្តែមិនបានដឹងថា ជាទំនិញអ្វីឱ្យប្រាកដនោះទេ។
ដោយឡែក ប្រភពពីមន្ត្រីមួយចំនួននៅក្នុងខេត្តឧត្តរមានជ័យ បានបង្ហើបដោយសុំមិនបញ្ចេញអត្តសញ្ញាណ បានឱ្យដឹងថា រថយន្តប្រភេទបំពាក់ទូម៉ាស៊ីនត្រជាក់ខាងលើនេះ គឺដឹកបំណែកសាច់បង្កក ជ្រូក មាន់ ទា ចូលកម្ពុជាជារៀលរាល់ថ្ងៃ និងគ្មានអ្នកហ៊ានពិនិត្យពិតមែន។
ពាក់ព័ន្ធករណីនេះ លោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងប្រាប់អ្នកព័ត៌មានថា ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកពុំមានជំនាញក្នុងការត្រួតពិនិត្យអ្វីនោះទេ ចំពោះករណីនេះ លោកបានត្រឹមតែសម្លឹងមើលរថយន្តដែលដឹកឆ្លងកាត់តែប៉ុណ្តោះ ព្រោះវាជាជំនាញរបស់សមត្ថិកិច្ចពាក់ព័ន្ធ ជាអ្នកត្រួតពិនិត្យ។
ចំណែកលោក វ៉ាន់ ក្តេរ ប្រធានគយច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានប្រាប់តាមទូរស័ព្ទយ៉ាងដូច្នេះថា ករណីខាងលើលោកមិនអាចឆ្លើយ ឬអត្ថាធិប្បាយបានទេ តែបើចង់ដឹងច្បាស់ សូមប្អូនសួរទៅខាងអគ្គនាយកដ្ឋានគយ និងរដ្ឋករចុះ។ ចំណែកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម គន់ ញឹម បានប្រាប់តាមទូរសព្ទ កាលពីថ្ងៃទី២៩ ខែកុម្ភៈ យ៉ាងខ្លីថា ចាំលោកពិនិត្យ និងសួរនាំករណីនេះសិន!។
ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រក្ខាប្រមាញ់ និងសេសាទ បាប្រាប់ពាក់ព័ន្ធនឹងករណីខាងលើនេះដែរថា បច្ចុប្បន្ននេះ យើងមិនទាន់មានការហាមឃាត់ការនាំចូលសាច់បង្កកនោះទេ ប៉ុន្តែនឹងមានការហាមឃាត់បំណែកនៃសាច់បង្កករយៈពេល៦ខែជាបណ្តោះអាសន្ន ដែលនឹងចាប់ពីខែមីនា ឆ្នាំ២០២៤នេះទៅ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញប្រកាសមួយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កករយៈពេល៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនាដល់១២ កញ្ញាឆ្នាំ២០២៤។ ការផ្អាកការនាំចូលប្រភេទទំនិញទាំងនេះ គឺដោយសារតែកន្លងមកសមត្ថកិច្ចចាប់បានគ្រឿងក្នុងសត្វ និងសាច់បង្កកដែលនាំចូលពីក្រៅប្រទេស មានខូចគុណភាព និងរក្សាទុកមិនបានត្រឹមត្រូវ ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងពលរដ្ឋអ្នកចិញ្ចឹមកម្ពុជា៕
ដោយ៖ BTV