ក្នុងនាមជាពលរដ្ឋកតញ្ញូ និងជាពលរដ្ឋល្អ អាជ្ញាធរមូលដ្ឋាន គណគ្រប់គ្រងសាលា មាតាបិតា និងសិស្សានុសិស្ស ត្រូវធ្វើកិច្ចការបួន ជាចាំបាច់

បាត់ដំបង ៖ ថ្លែងក្នុងពិធីសម្ពោធអគារសាលាបឋមសិក្សាបឹងរាំង ០១ខ្មង ០៣បន្ទប់ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ លោក ធូ ភា អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបក្នុងនាមជាពលរដ្ឋកតញ្ញូ និងពលរដ្ឋល្អ អាជ្ញាធរមូលដ្ឋាន គណគ្រប់គ្រងសាលា មាតាបិតា និងក្មួយៗសិស្សានុសិស្ស ត្រូវធ្វើកិច្ចការបួនជាចាំបាច់។

ដែលក្នុងនោះ ការងារទីមួយត្រូវធ្វើភាពជាម្ចាស់ទៅលើសាលា ដោយថែទាំប្រើប្រាស់អោយបានយូរអង្វែង កែលំអបរិស្ថានអនាម័យសាលាអោយក្លាយជាសាលាដែលមានភាពស្រស់បំព្រងនិងការទាក់ទាញនៃការសិក្សា .ទីពីរត្រូវប្រើប្រាស់សាលានេះដើម្បីជាឈ្នាន់នៃការសិក្សា រហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា .ទីបីចំណេះវិជ្ជាគឺជាអាវុធដ៏មុតស្រួចសម្រាប់រំដោះខ្លួនចេញពីភាពក្រីក្រ .ហើយចំណុចចុងក្រោយគឺការបណ្តុះសណ្តានចិត្តមនុស្សធម៌សំរាប់ចែករំលែកដល់អ្នកទន់ខ្សោយជាងយើងនាថ្ងៃអនាគត ព្រោះគ្រប់ម្ចាស់ជំនួយទាំងអស់ ដែលលោកបានលះបង់ធន់ធានផ្ទាល់ខ្លួនរបស់លោកដើម្បីជួយកសាងសាលាអោយយើងបានសិក្សារៀនសូត្រ លោកមានបំណងបណ្តុះនូវគំនិតរបស់ក្មួយៗអោយចេះចែករំលែកនូវធន់ធានរបស់ខ្លួនជួយដល់អ្នកក្រីក្របន្តទៅទៀត។

ជាចុងក្រោយលោកអភិបាលរងខេត្តបញ្ជាក់ទៅកាន់អង្គការ ស្គូល អេដ ក៏ដូចជាម្ចាស់ជំនួយថា ស្ថានភាពបច្ចុប្បន្នសាលានៅជនបទស្អាតជាងសាលានៅទីក្រុង ព្រោះដោយសារមានអង្គការជាដៃគូជាច្រើន ជាពិសេសមិត្តភក្តិជប៉ុន អាឡឺម៉ង់ ស្វីស អង្គការសម្រេចសុបិន្តកុមា បានជួយកសាងសាលាជាច្រើននៅតាមជនបទ ប៉ុន្តែអង្គការដៃគូភាគច្រើនមិនបានចាប់អារម្មណ៍ចំពោះទីប្រជុំជនក្នុងក្រុងបាត់ដំបង ហើយលោកសង្ឃឹមថាអង្គការ ស្គូល អេដ មេត្តាជួយចាប់អារម្មណ៍ចំពោះសាលាក្នុងក្រុងបាត់ដំបង ៕
ដោយ ៖ សាលី

CATEGORIES
Share This