ឧត្តមសេនីយ៍ទោ សេង ធារិន ផ្តាំផ្ញើដល់កងទ័ពក្នុងកងពលតូចថ្មើរជើងលេខ៥១ ត្រូវបេជ្ញាគាំទ្រយ៉ាងពេញទំហឹង នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល

បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២៤ របស់កងពលតូចថ្មើរជើងលេខ៥១ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានមានប្រសាសន៍ ផ្តាំផ្ញើដល់កងទ័ពក្នុងកងពលតូចថ្មើរជើងលេខ៥១ ត្រូវបេជ្ញាគាំទ្រយ៉ាងពេញទំហឹង នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរដល់កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូនជាពិសេសគឺការទប់ស្កាត់ពលករដែលឆ្លងដែនខុសច្បាប់ តាមបណ្ដាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ មិនតែប៉ុណ្ណោះកងពលបានចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ រហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ អង្គភាពនៅតែបន្តអនុវត្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ហើយប្រមូលផលបន្លែគ្រប់ប្រភេទនិងសាច់ ដើម្បីផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃ តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ។

ក្នុងពិធីនេះ ក៏មានការផ្តល់ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោយរបស់ក្រសួងការពារជាតិ ជូនដល់បណ្តាកងឯកភាព និងឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០រៀលផងដែរ៕

CATEGORIES
Share This