លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំប្រជុំគណៈ បញ្ជាការឯកភាពខេត្ត និងពិនិត្យវឌ្ឍនភាពការងារអង្គភាពជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងប្រធានគណៈបញ្ជាការឯកភាពខេត្តកាលពី ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពខេត្ត និងពិនិត្យលើវឌ្ឍនភាពការងារអង្គភាពជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បី ពង្រឹង ប្រសិទ្ធិភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា, ការថែរក្សាសន្តិសុខសណ្តាប់ ធ្នាប់ សាធារណៈ និងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសអង្គភាពជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀម ជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់ នូវរាល់ករណីបទល្មើសឆ្លងដែននានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាម ទីកន្លែង កំសាន្តនានា មួយវិញទៀត តាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉ោង/២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន របស់ខ្លួន អោយបានទាន់ពេលវេលា។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងពីស្ថានភាពនៃការ អភិវឌ្ឍប្រទេសជាតិនា ពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធារ ដោយសាររាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគិតគូខ្ពស់ពី សុខទុក្ខ របស់ ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុក ខេត្ត នៅទូទាំង ប្រទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោម ការដឹកនាំប្រកប ដោយ គតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើ ផ្ទៃ ប្រទេស ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារ ប្រកបដោយ ការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាព ការងារ ក្នុងការ ផ្តល់ សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា ដែល កើតមាន ឡើងក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់ រាជរដ្ឋាភិបាល៕








