នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនដំណឹងអំពីម៉ោងធ្វើការ បន្ទាប់ពីមានការបិទច្រកទ្វារ ជាឯកតភាគីពីសំណាក់សមត្ថកិច្ចថៃ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ នគរបាលអន្តោប្រវេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានជូនដំណឹងដល់សាធារណជនជាតិនិងអន្តរជាតិ ស្ដីពី ការកំណត់អំពីពេលវេលាធ្វើការ របស់នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់ពីម៉ោង ៩ព្រឹករហូតដល់ម៉ោង ៤រសៀល និងបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរចូលទៅប្រទេសថៃ គឺ ភាគីថៃវ៉ៃត្រាអនុញ្ញាតឲ្យតែរយៈពេល ៧ថ្ងៃប៉ុណ្ណោះទៅលើលិខិតឆ្លងដែន និងប័ណ្ណព្រំដែន សម្រាប់ការស្នាក់នៅក្នុងប្រទេសថៃ ។

ការជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពី ភាគីថៃបានបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយឯកតោភាគី ហើយបានពង្រួញពេលវេលានៃការបើកបិទច្រក ពីការបើកច្រកពីម៉ោង ៦ព្រឹក បិទម៉ោង ១០យប់ មកបើកនៅម៉ោង ៨ព្រឹក និងបិទវិញនៅម៉ោង ៤រសៀល ។

យោងតាមការជូនដំណឹងរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា “ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត សូមជូនដំណឹងដល់អ្នកដំណេីរភ្ញៀវជាតិ​ និងអន្តរជាតិដែលបានចេញ​ ចូល​ ប្រទេសកម្ពុជាចាប់ពីរថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥​ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ សូមធ្វេីការផ្លាស់ប្តូរម៉ោងធ្វេីការគឺចាប់ពីរម៉ោង​ ៩​ ព្រឹក​ រហូតដល់ម៉ោង​ ៤​ រសៀល​ ហេីយចំពោះប្រជាជនកម្ពុជាដែលមានបំណងចូលទៅប្រទេសថៃ​ គឺភាគីថៃ​ ប្រថាប់ត្រាជូនត្រឹមរយ:ពេល៧ថ្ងៃ​ សំរាប់ប្រជាជនខ្មែរដែលកាន់ passport  និង​ border pass ក្នុងករណីមានអ្វីប្រែ​ប្រូលយេីងខ្ញុំនិងជូនដំណឹងបន្តរទៀតសូមអរគុណ ” ។

ជុំវិញការពង្រួញពេលវេលានិង ការបិទច្រកដោយឯកតោភាគីនេះផងដែរ ខាងកម្ពុជា ក៏បានធ្វើការបិទច្រក និងបើកដំណើរការចាប់ពីម៉ោង ៩ព្រឹក ហើយបិទនៅម៉ោង ៤រសៀល ក្នុងនោះនគរបាលអន្តោប្រវេសន៍ ក៏បានបញ្ជាក់អំពីការវាយប៉ាស្ព័រ ជូនទៅដល់ជនជាតិថៃ គឺ មានរយៈពេលដូចគ្នា គឺអនុញ្ញាតឱ្យប្រជាជនថៃ ស្នាក់នៅក្នុងប្រទេសកម្ពុជាតែ ៧ថ្ងៃប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ជាក់ស្ដែងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនរវាងកម្ពុជាថៃ នៅក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ ឈមជាមួយនឹងខេត្តស្រះកែវ ប្រទេសថៃ គឺ មានច្រកទ្វារអន្តរជាតិចំនួនពីរ និងច្រកតំបន់ចំនួនពីរ រួមមាន ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត, ច្រកទ្វារអន្តរជាតិស្ទឹងបត់, ច្រកតំបន់បឹងត្រកួន, និងច្រកតំបន់ម៉ាឡៃ, ក្នុងនោះសម្រាប់ច្រកអន្តរជាតិ ភាគីថៃបានបើកឲ្យដំណើរការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល និងច្រកតំបន់ ភាគីថៃ បើកឲ្យដំណើរការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ។ ដោយឡែកនៅខាងកម្ពុជា គឺ ចាប់ផ្ដើមបើកច្រកនៅម៉ោង ៩ព្រឹក និងបិទទៅវិញដល់ម៉ោង ៤រសៀល ៕

CATEGORIES
Share This