ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋ ជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១០ខែមិថុនានេះ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់កងទ័ព ស្ថិតនៅខេត្តព្រះវិហារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋលើកទឹកចិត្តដល់កងទ័ព និងជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ។
នៅក្នុងពិធីនោះដែរឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ក្នុងនាមប្រជាពលរដ្ឋខ្មែរស្រលាញ់ទឹកដីរបស់ប្រទេសយើង គឺត្រូវតាមដានស្ថានការព្រំដែនកម្ពុជា-ថៃ គ្រប់កាលៈទេសៈ និងគាំទ្រលើចំណាត់ការណ៍ទាំងបីរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដែលក្នុងនោះរួមមាន៖ ការទូត ច្បាប់ និងយោធា។
សម្រាប់ ស្បៀង សម្ភារៈ និងថវិកា ដែលសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបានពីសមាជិក សមាជិកា ស.ស.យ. វិស័យឯកជន សាធារណជន និងអង្គភាពពាក់ព័ន្ធនានា ជូនកងទ័ព និងគ្រួសារកងទ័ពនៅថ្ងៃនេះ មានថវិកាចំនួន ១៨០ ០០០$ (ដប់ប្រាំបីម៉ឺនដុល្លារ) និងគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។
ជាការកត់សំគាល់ ស.ស.យ.ក. បានធ្វើចលនាស្ម័គ្រចិត្តចូលរួមរៃអង្គាសថវិកា និងសម្ភារៈជូនដល់វីរកងទ័ពដែលបង្ហាញពីការគាំទ្រ ដល់វីរយុទ្ធជនដែលកំពុងឈរជើងការពារជាតិនៅខ្សែបន្ទាត់ព្រំដែន។ គំនិតផ្តួចផ្តើមនេះ បានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មិនថាព្រះសង្ឃ សាសនិកឥស្លាម គ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន កីឡាករ កីឡាការិនី ជាពិសេសបងប្អូនជាកីឡាករប៉ារ៉ាឡាំពិក សិល្បករ សិល្បការិនី សិស្ស និស្សិត ឬមហាជនទូទៅនានា បានបង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅក្នុងនាមជាខ្មែរ ដោយបង្ហាញពីទឹកចិត្ត ឆន្ទៈ និងក្ដីស្រលាញ់ដ៏ធំធេងរបស់ប្រជាជនខ្មែរ ក្រោមស្មារតី«ជួយយកអាសារគ្នា រួមគ្នា ដើម្បីកម្ពុជាឆ្លងផុតវិបត្តិ»៕










