ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ចុះជួបសំណេះសំណាលជាមួយប្រធាន-អនុប្រធានក្រុមបក្ស និង បានចុះពិនិត្យប្រគល់អាងចម្រោះទឹកស្អាតអនាម័យនៅសាលាបឋមសិក្សាចំបក់បញ្ញា
កំពង់ធំ ៖ លោកថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំសហការី ក្រុមប្រឹក្សាឃុំ លោកមេភូមិ បានចុះជួបសំណេះសំណាលសួរសុខទុក្ខដល់ប្រធាននិងអនុប្រធានក្រុមបក្ស ចំនួន ០២ភូមិ រួមមាន ភូមិស្លាករចំនួន ៦៤នាក់ និងភូមិពោធិចំនួន ៣៣នាក់ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងជំនួបនេះដែរ លោកបានសួរសុខទុក្ខ និងពិភាក្សាការងារប្រកបដោយបរិយាកាសសប្បាយរីករាយស្និទស្នាលបំផុត ទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរ ដោយមានការចូលរួមជាមតិយោបល់ លើកសំណូមពរ និងដំណោះស្រាយភ្លាមៗចំពោះបញ្ហាមួយចំនួនធំពាក់ព័ន្ធនឹងជីវភាព បញ្ហាប្រឈមចំពោះមុខ ។
ទន្ទឹមនឹងនេះ លោកប្រធានក៏បានលើកបង្ហាញពីសមិទ្ធផលថ្មីៗនេះរួមមាន ទីស្នាក់ការគណបក្សឃុំបន្ទាយស្ទោង ប្រព័ន្ធធារាសាស្ត្រ ខ្វែងខ្វាត់ ការឧបត្ថម្ភដល់គ្រួសារទទួលមរណភាព ការឧបត្ថម្ភកូនខ្ចី ការជួសជុលផ្លូវ ជីកស្រះទឹករួម ។ល។ និងលើកទិសដៅផែនការអភិវឌ្ឍន៍ឃុំបន្ទាយស្ទោងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
លើសពីនេះលោកថាំង វីយុទ្ធដា និងក្រុមការងារបានចុះជួបប្រធាន អនុប្រធានក្រុមបក្ស បានចំនួន០៤ភូមិ នៃភូមិទាំង១៥ក្នុងឃុំបន្ទាយស្ទោង ក្នុងគោលបំណងបង្កើនភាពសិទ្ធស្នាល បង្កើតប្រព័ន្ធទំនាក់ទំនងកាន់តែរហ័សមានប្រសិទ្ធភាពរវាងក្រុមការងារចុះពង្រឹងតាមភូមិនីមួយៗ និងសមាជិក សមាជិកាគណបក្សទាំងអស់តាមខ្នងផ្ទះថែមទៀត។
លើសពីនេះទៀត លោកបានចុះពិនិត្យ និងប្រគល់ ទទួល អាងចម្រោះទឹកស្អាតអនាម័យ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំបក់បញ្ញា ស្ថិតនៅក្នុងភូមិចំបក់បញ្ញា ប្រើប្រាស់ប្រចាំថ្ងៃដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់អនាម័យសុខភាពសិស្សានុសិស្សនៅតាមសាលារៀន ឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះចំណាយថវិកាសាងសង់សរុបអស់ប្រមាណ ១០លានរៀល ។









