មន្ត្រីជំនាញអះអាងថា បន្លែនាំចូលពីប្រទេសវៀតណាម និងប្រទេសចិន មកលក់នៅទីផ្សារភូពុយ ក្នុងមួយថ្ងៃប្រមាណ២០០តោន ទៅ២៥០តោន
បាត់ដំបង ៖ ក្រោយទទួលបានព័ត៌មានពីផេកឈ្មោះ ភា សុភ័ក្ត្រ បង្ហោះពាក់ព័ន្ធបន្លែនាំចូលលក់ក្នុងផ្សារបោះដុំ ភូពុយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ មន្ត្រីអធិការកិច្ចម្ហូបអាហារ សាខា ក.ប.ប ខេត្តបាត់ដំបង បានសហការជាមួយនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច បានចុះតាមដានសាកសួរផ្ទាល់ដល់អាជីវករក្នុងផ្សារបោះដុំ ភូពុយ ។
ក្រោយពីចុះប្រមូលព័ត៌មានជាក់ស្តែង មន្ត្រីជំនាញពិនិត្យឃើញថា មានបន្លែនាំចូលពីប្រទេសវៀតណាម និងប្រទេសចិនមកលក់នៅទីផ្សារភូពុយពិតប្រាកដមែន ដោយក្នុងមួយថ្ងៃនាំចូលប្រមាណ២០០តោន ទៅ២៥០តោន ។
មន្ត្រីជំនាញបានបញ្ជាក់ថា បន្លែនាំចូលពីប្រទេសវៀតណាម និងប្រទេសចិន ក្នុងនោះមានដូចជា , ខ្ញី , ត្រាវ , ត្រសក់ , ម្ទេសហឹរ , ម្ទេសហាវៃ , ល្ហុង , ឃ្លោក , ស្ពៃក្តោប , ស្ពៃបូកគោ , ផ្សិតម្ជុល , ខ្ទឹមបារាំង , ខ្ទឹមស , ខ្ទឹមក្រហម , ឆៃថាវ , ដំឡូងបារាំង , អំពិលទុំ , ដូងទុំ , ក្រូចឆ្មា , ពោតលឿង , ការ៉ុត , ម្ទេសឆា , ខាត់ណា , ផ្លែម្រះ , ប៉ិគក់ , ប៉េងប៉ោះ , សាឡាត់ស្រួយ និងត្រប់វែង ។
មន្ត្រីជំនាញដដែលបានបញ្ជាក់ថា ក្នុងចំណោមបន្លែដែលដាក់តាំងលក់នៅក្នុងផ្សារភូពុយ ក្នុងនោះមានបន្លែ០៤ប្រភេទ មានការឡេីងថ្លៃដោយសារមានការនាំចូលតិច ហេីយអ្នកដាំដុះក្នុងស្រុកផ្គត់ផ្គង់មិនគ្រប់គឺ ត្រឡាច សណ្តែកគួរ ត្រសក់ និងផ្លែម្រះ ។ហើយបន្ថែមពីនោះ មន្ត្រីជំនាញបានធ្វេីតេសបឋមទៅលេីខ្ញីហាន់ ទំពាំងជ្រក់ និងទំពាំងស្ងោរ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់ទេ ៕








ដោយ ៖ សាលី