លោកឧត្ដមសេនីយ៍ត្រី អៀក គឹមស្រ៊ុន ព្រមទាំងក្រុមគ្រួសារ នាំអំណោយជាចែកជូនបងប្អូនជនភៀសសឹក ចំនួន២០០គ្រួសារ នៅវត្តពោធិ៍សិលារាម ក្រុងព្រះវិហារ
ព្រះវិហារ៖ នៅថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី អៀក គឹមស្រ៊ុន ព្រមទាំងក្រុមគ្រួសារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ប្រើប្រាស់ ព្រមទាំងថវិកា ចែកជូនដល់បងប្អូនប្រជាពរដ្ឋភៀសសឹក ចំនួន២០០គ្រួសារ ស្ថិតនៅវត្តពោធិ៍សិលារាម(ហៅវត្តគីឡូ៨) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ត្រី អៀក គឹមស្រ៊ុន បានផ្ដាំផ្ញើដល់បងប្អូនជនភៀសសឹកទាំងអស់ សូមរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពី គេហដ្ឋាន ភូមិស្រុក បងប្អូនគឺជាការលះបង់ចាំបាច់មួយ ដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលជួយសម្រួលឱ្យកងទ័ពរបស់យើងការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។
លោកឧត្ដមសេនីយ៍ត្រី សូមថ្លែងអំណរគុណ និងគោរពដឹងគុណ ដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពាន។ លោកឧត្ដមសេនីយ៍ត្រី សូមឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ មានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាល ដែលតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបញ្ចប់ជម្លោះ តាមរយៈកិច្ចចចារសម្របសម្រួលឱ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ ។
ជាមួយគ្នានោះដែរលោកឧត្ដមសេនីយ៍ត្រី អៀក គឹមស្រ៊ុន បានលើកទឹកចិត្ត និងអរគុណដល់គ្រួសារដែលមានកូន មានប្តីជាកងទ័ពកំពុងបំពេញភារកិច្ចឈរជើងនៅតាមក្រវាត់ព្រំដែន ហើយយើងទាំងអស់គ្នាគាំទ្រកងទ័ពដ៏អង់អាចរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រហូតដល់ពុកម៉ែបងប្អូនវិលត្រឡប់ទៅភូមិស្រុកគេហដ្ឋានវិញបាន។
សូមបញ្ជាក់ផងដែរថា អំណោយចែកជូនរួមមាន៖ អង្ករ១បេ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួ មីមួយកេស កន្សែង១ សារុង១ និងថវិកាផងដែរ។






