រថយន្ត Revo បុកម៉ូតូ០២គ្រឿង និងរថយន្ត០១គ្រឿងដែលកំពុងឈប់ភ្លើងស្តុប បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់ រងរបួសធ្ងន់ស្រាល
បាត់ដំបង ៖ យ៉ាងហោយណាស់មនុស្សប្រុសស្រី០៣នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភ្លើងស្តុបមួយកន្លែង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ត Prius មួយគ្រឿងដែលមានផ្លាកលេខភ្នំពេញ2BS-1154 និងម៉ូតូ០២គ្រឿង ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AH-8560 និង០១គ្រឿងទៀតម៉ាក SCOOPY ពាក់ផ្លាកលេខបាត់ដំបង1AU-7719 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានឈប់ភ្លើងស្តុប បន្ទាប់មកក៏មានរថយន្តម៉ាក REVO មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-5490 បើកបរដោយបុរសម្នាក់ បានជ្រុលចង្កូតទៅបុកម៉ូតូទាំងពីរគ្រឿងខាងលើអោយប៉ើងទៅបុករថយន្ត Prius ពេញទំហឹងបណ្តាលអោយរងការខូចខាតទាំង០៤គ្រឿង និងមនុស្ស០៣នាក់រងរបួសធ្ងន់ស្រាលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង០៤គ្រឿងត្រូវបាននគរបាលជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី ៕




ដោយ ៖ សាលី