ប្រើឧបករណ៍ឆក់ត្រីដោយខុសច្បាប់ ត្រូវអាវុធហត្ថឃាត់ខ្លួនបានសម្រេច

បាត់ដំបង ៖ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកឯកភ្នំ សហការជាមួយសង្កាត់រដ្ឋបាលជលផលព្រែកកញ្រ្ចែង និងសហគមន៍នេសាទគោកដូង ព្រមទាំងសហគមន៍នេសាទព្រែកឆ្តោរ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ខណៈកំពុងប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០១និង០៣នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចខាងលិចបឹងរលួស ស្ថិតក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វួន វៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន ,អាគុយ៤០អំពែរចំនួន០១គ្រឿង ,អាំងវិចទ័រឆក់ត្រីចំនួន០១គ្រឿង ,ដងឆក់ចំនួន០១គូ ,ម៉ូតូម៉ាកហុងដាទ្រីមពណ៌ខ្មៅចំនួន០១គ្រឿង និងត្រីចំរុះចំនួន០២គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីរៀបចំនីតិវិធី ប្រគល់អោយជំនាញចាត់ការតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This