នគរបាលព្រំដែន៨១៥ ឃាត់ឃាត់ជនជាតិថៃនិងភូមា៨នាក់ លួចឆ្លងដែនចេញចូលកម្ពុជា ដោយខុសច្បាប់

បន្ទាយមានជ័យ ៖ នគរបាលការពារព្រំដែនគោក៨១៥ សហការជាមួយកងកម្លាំងប្រដាប់អាវុធតាមបន្ទាត់ព្រំដែន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទប់ស្កាត់បង្រ្កាបបាននៅជនបរទេសជាជនជាតិថៃ និងភូមា សរុបចំនួន៨នាក់ដែលបានធ្វើសកម្មភាពផ្សេងគ្នា លួចឆ្លងដែនចេញចូលកម្ពុជាដោយខុសច្បាប់ កាលពីយប់និងទាបភ្លឺថ្ងៃទី៣១ សីហា ២០២៥ ចំណុចជាប់ព្រំដែនកម្ពុជាថៃ ក្នុងឋភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានអោយដឹងថា ប្រតិបត្តិការបង្រ្កាបជនបរទេសនេះ ធ្វើឡើងជាពីរតំណាក់កាលដោយតំណាក់កាលទីមួយ នៅយប់ម៉ោង១២ និង៣០នាទីចូលថ្ងៃទី៣១ សីហា ដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ជនជាតិថៃចំនួន០៣នាក់ (ស្រី០១នាក់) បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ និងម៉ូតូកង់បី០១គ្រឿង គ្មានស្លាកលេខ ដែលជនសង្ស័យបានដឹកជនជាតិថៃបន្សល់ទុកនៅកន្លែងកើតហេតុ (អ្នកបើកបរបានរត់គេចខ្លួនបាត់) ក្នុងភូមិសាស្ដ្រប៉ុស្ដិ៍ក្បាលទំនប់ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចម្ងាយពីអូរព្រំដែនប្រហែល៩០០ម៉ែត្រ ។ ចំណែករណីទី២
ជនជាតិភូមាចំនួន០៥នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ត្រង់ចំណុចភូមិសាស្ត្រប៉ុស្តិ៍ស្វាយព្រៃស្ថិត នៅក្នុងភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោយការឃាត់បានជនបរទេសទាំងជនជាតិថៃនិងភូមាខាងលើ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលអូរស្រឡៅបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តនីតិវិធីបន្ត ។ ដូចការឃាត់ចាប់បានខាងលើ មិនថាពលករខ្មែរ ឬថៃឬជនបរទេសទេ គឺ សុទ្ធតែលួចលាក់ឆ្លងទៅឆ្លងមកតាមព្រំដែនដោយខុសច្បាប់ ៕

CATEGORIES
Share This