រថយន្ត LEXUS ១គ្រឿង ជ្រុលបុកម៉ូតូ ១គ្រឿង រួចបន្តទៅបុករថយន្ត ១គ្រឿងផ្សេងទៀត

បាត់ដំបង ៖ ពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា យ៉ាងហោចណាស់មានបុរសម្នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត០១គ្រឿង បុករះប៉ះម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី២៧ ខែតុលា ឆ្ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពដដែលបានបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្ដម៉ាកLEXUS .330 ពាក់ផ្លាកលេខ ភ្នំពេញ2AM-2051 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AS-5423 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាបណ្តាលអោយរងរបួសធ្ងន់ រួចបន្តទៅបុករថយន្តខាងមុខ០១គ្រឿង ផ្សេងទៀតម៉ាក TOYOTA VITZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BL-0095 បើកបរដោយបុរសម្នាក់ រួចបន្តបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីស្រាវជ្រាវរករថយន្តបង្ករ មកធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This