ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៨០គ្រួសារ ទទួលអំណោយ ពីអភិបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយឯកឧត្តម ង៉ែត ចាន់ថុន ក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៨០គ្រួសារ នៅក្រុងសិរីសោភ័ណ និងស្រុកមង្គល ដែលត្រូវបានជន្លៀសមកទីទួលសុវត្ថិភាព ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ មានបញ្ហាដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់ក៏ដោយ ។
ឯកឧត្តម តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក និងសូមឲ្យពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា ថែរក្សាសុខភាពឲ្យបានល្អ ។
សូមបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ដែលទទួលអំណោយខាងលើ សរុបចំនួន៨០នាក់ ក្នុងនោះ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ចំនួន៥៤គ្រួសារ និងនៅបេនឡានក្រុងសិរីសោភ័ណ ចំនួន ២៦គ្រួសារ ។ អំណោយដែលត្រូវបានប្រគល់ជូន ក្នុង១គ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ត្រីខ១យួរ, ទឹកបរិសុទ្ធ ១កេស ៕