ចូលបោកខោអាវក្នុងបន្ទប់ទឹកប៉ះត្រូវមុខដំណខ្សែភ្លើងបណ្តាលអោយឆក់ស្លាប់
ខេត្តបាត់ដំបង! បុរសម្នាក់សង្ស័យភ្លេចខ្លួនបានលូកដៃប៉ះត្រូវមុខដំណខ្សែភ្លើងតបំភ្លឺក្នុងបន្ទប់ទឹកក៏បណ្តាលអោយឆក់ស្លាប់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខាងក្នុងបន្ទប់ទឹក ស្ថិតក្នុងភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា បើតាមការបំភ្លឺពីសាច់ញាតិបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ មុយ វ៉ាន់ទី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ បានចូលទៅក្នុងបន្ទប់ទឹកដើម្បីបោកខោអាវក្នុងនឹង ហើយនៅក្នុងបន្ទប់ទឹកគាត់បានតខ្សែភ្លើងចូលតាមបង្អួច តែមុខដំណទាំងអស់គឺគាត់មិនបានយកថង់ឬស្គុតមករុំនោះទេ ហើយថែមទាំងបានចាក់ចំរៀងស្តាប់ក្នុងនោះទៀតផង លុះក្រោយមកមិនដឹងចៃដន្យអីទំនងលូកដៃប៉ះមុខដំណខ្សែរភ្លើងក៏ បណ្តាលអោយឆក់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។