គ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ឆក់យកជីវិតមនុស្ស ១៣នាក់ និងប៉ះពាល់ប្រជាពលរដ្ឋ ជាង៧ពាន់គ្រួសារ
បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានស្លាប់ និងប្រជាពលរដ្ឋ ជាង៧ពាន់គ្រួសារទៀត បានរងផលប៉ះពាល់ដោយសារ គ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ។
យោងតាមរបាយការណ៍ សរុបផលប៉ះពាល់ និងខូចខាតដោយជំនន់ទឹកភ្លៀង របស់រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា គ្រោះទឹកជំនន់ឆ្នាំ២០២២ បានបង្កផលប៉ះពាល់ ដល់ក្រុងស្រុក ចំនួន០៧ ក្នុងចំណោមក្រុងស្រុកទាំង០៩ របស់ខេត្តបន្ទាយមានជ័យ ក្នុងនោះប៉ះពាល់ឃុំសង្កាត់ ចំនួន៣១ និងប្រជាពលរដ្ឋសរុប ចំនួន៧,៦២៦គ្រួសារ មនុស្សរាយ ចំនួន៣៤,៥៤៥នាក់ ស្រី១៧,៥០៨នាក់ ស្លាប់មនុស្ស ចំនួន១៣នាក់ ។ ពលរដ្ឋដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពសរុប ចំនួន២៥៩គ្រួសារ មនុស្សរាយ ចំនួន១,០៦៣នាក់ ស្រី ៥០៣នាក់ ។ ប៉ះពាល់ផលដំណាំស្រូវប្រជាពលរដ្ឋ ចំនួន២៧,៧៩៤ហិចតា, ដំឡូងមី ចំនួន១០៦០ហិចតា, ដំណាំរួមផ្សំ ចំនួន១០៣ហិចតា, សត្វពាហនៈ ចំនួន២,៦៤៨ក្បាល ។ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖ សាលារៀន ចំនួន ៤៤ខ្នង, វត្តអារាម ចំនួន១៧វត្ត, ទឹកហូរកាត់ផ្លូវ ចំនួន៣១០កន្លែង ស្មើនឹង ១៨៦,៣០៨ម៉ែត្រ ។
សូមបញ្ជាក់ថា ជាមួយនឹងបញ្ហាគ្រោះទឹកជំនន់នេះ ជាបន្តបន្ទាប់ អាជ្ញាធរ និងកងកម្លាំងទាំង៣ប្រភេទ តែចុះជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ និងត្រៀមជាស្រេច ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ តាមរយៈការជម្លៀសមករកទីទួលសុវត្ថិភាព និងជួយជញ្ជូនទ្រព្យសម្បត្តិ និងការនាំយកអំណោយរបស់ថ្នាក់ដឹកនាំ និងសប្បុរសជន ចែកជូនប្រជាពលរដ្ឋ ជាប់ជាប្រចាំផងដែរ ៕