ជំនន់ស្ទឹងសង្កែហក់ឡើងយ៉ាងគំហុក ច្រាលចូលលិចផ្លូវផ្នែកខ្លះក្នុងក្រុង និងបណ្តាស្រុកមួយចំនួនផងដែរ
ខេត្តបាត់ដំបង! ដោយសារមានភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នានៅផ្នែកខាងលើតំបន់ស្រុកសំឡូត ទឹកបានស្រុងហូរចាក់យ៉ាងគំហុកចូលក្នុងស្ទឹងសង្កែ មានកម្ពស់រហូតជាង១៣ម៉ែត្រធ្វើឲ្យច្រាលចូលលិចផ្លូវផ្នែកខ្លះក្នុងក្រុងបាត់ដំបង និងបណ្តាស្រុកមួយចំនួនផងដែរ។
ស្ថានភាពទឹកស្ទឹងសង្កែហក់ឡើងខ្លាំងនេះដែរគិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះកំពស់ទឹកបានហក់ឡើងរហូត ១៣.៦ និងបានច្រាលចេញបង្កការជន់លិចនៅផ្នែកជាច្រើនរបស់ក្រុងបាត់ដំបងក្នុងនោះរួមមាន: ជន់លិចកំណាត់ផ្លូវលេខ០៣ កំណាត់ផ្លូវឡាអេ ចំណតរថយន្តនិងផ្សារបឹងឈូក រួមទាំងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ និងផ្លូវមួយចំនួនក្នុងស្រុកឯកភ្នំផងដែរ។
ចំពោះស្ថានភាពជំនន់ទឹកស្ទឹងសង្កែហក់ឡើងខ្លាំងនេះ បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហោះនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើមិនមានភ្លៀងច្រើននៅផ្នែកខាងលើបន្តទៀតទេ ទឹកនិងឆាប់ស្រកទៅវិញ។