ខ្ទីងមួយក្បាល ពលរដ្ឋប្រទះឃើញជាប់ផុងក្នុងរណ្ដៅ មិនអាចសង្គ្រោះបានរហូតដល់ងាប់

ឧត្តរមានជ័យ៖ សត្វខ្ទីងមួយក្បាលដែលជាប្រភេទសត្វមួយដ៏កម្រជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ត្រូវបានពលរដ្ឋប្រទះរកឃើញជាប់ផុងក្នុងរណ្ដៅអណ្ដូងចាស់ នៅក្បែរដីចំការមួយកន្លែង ស្ថិតនៅចំណុចជប់ត្រកួន ក្នុងដែនភូមិសាស្រ្តព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោក រ៉ុន រឹត មេភូមិអូរតាម៉េង បានប្រាប់នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះថា កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានសត្វខ្ទីង​ឈ្មោលមួយក្បាល​ បានចូលទៅក្នុងភូមិដេញវាត់ក្មេងៗ នៅចំណុចជប់ត្រកួន ក្នុងភូមិអូរតាម៉េង ឃុំ អន្លង់វែង ។ ពេលនោះអ្នកភូមិរួមទាំងប្រជាការពារ និងមន្រ្តីបរិស្ថាន​ ដែលនៅប្រចាំការនៅទីនោះ បាននាំគ្នាដេញបង្អើលឲ្យចូលទៅក្នុងព្រៃអភិរក្សគូរព្រហ្មទេព (ព្រៃស្អាក់) តែជាអកុសល្យ​សត្វខ្ទីង​មួយក្បាលនោះ បានរត់គេចចូលទៅក្នុងព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើបាត់ស្រមោល។

លោក បន្តថា លុះដល់វេលាម៉ោងប្រហែលជា ១រសៀលពលរដ្ឋបានប្រទះឃើញសត្វខ្ទីងមួយក្បាល​នោះកំពុងជាប់ផុងនៅក្នុងរណ្តៅអណ្តូងចាស់ ដែលគេជីកយកទឹកប្រើប្រាស់ជាច្រើនឆ្នាំនៅក្នុង​ចំការ​ចេករបស់ប្រជាពលរដ្ឋ។ភ្លាមៗនោះ លោក បានរាយការណ៍ ​និងមានការសុំអន្តរាគមន៍ពីកម្លាំង កងរាជ​អាវុធហត្ថស្រុក​ នគរបាលស្រុក រដ្ឋបាលព្រៃឈើ ​បរិស្ថាន ប្រជាការពារ ​និងប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះអូសសត្វខ្ទីងឈ្មោលមួយក្បាលនោះ ​ចេញពីរណ្តៅអណ្តូងចាស់។ប៉ុន្តែ​ដោយ​សារសត្វខ្ទីងឈ្មោលមួយក្បាលនេះ វាមានទម្ងន់ជាង ១ពាន់គីឡូក្រាម បើ​ទោះបី​ក្រុមការងារ​បាន​ជួយ​សង្គ្រោះចេញពីរណ្តៅអណ្តូងនៅពេលជាប់ផុងយ៉ាងណាក្តីក៏មិនអាចជួយ​សង្រ្គោះបាននោះឡើយ ៕

CATEGORIES
Share This