ប្រជាពលរដ្ឋខេត្តព្រះវិហារចំនួន១,៩១៥គ្រួសារ រងផលប៉ះពាល់ពីទឹកជំនន់ គិតត្រឹមថ្ងៃទី០៤ខែតុលា

ព្រះវិហារ៖ គិតត្រឹមថ្ងៃទី០៤ខែតុលា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋខេត្តព្រះវិហាររងការជន់លិចផ្ទះ​សម្បែង​ចំនួន៤២៦ខ្នងផ្ទះ ​ស្មើនិង ១,៩១៥គ្រួសារ​ និង​វិស័យកសិកម្ម បានរងផលប៉ះពាល់​ដល់​ស្រូវរដូវវស្សាជាង ​៣,៤២១ ហិកតាស្មើនិង១,៦៨៧គ្រួសារ​ ។

នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តព្រះវិហារ និង របាយការណ៍ដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី០៤ ​ខែតុលា ​ឆ្នាំ២០២២នេះ ដែលទទួលបាននៅថ្ងៃទី​០៦ ខែតុលានេះ។

របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តព្រះវិហារ​ បានបង្ហាញថា គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានបង្ហាញថា ​ខេត្តព្រះវិហារ ​មានក្រុងស្រុកចំនួន០៧ ក្នុង​ចំណោមក្រុងស្រុកទាំង៨ ​លើកលែងតែស្រុកជាំក្សាន្ដ ​ដែលបាន ​ទទួលរងផលប៉ះពាល់ ដោយ​សារជំនន់ទឹកភ្លៀង ​ដែលបានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ​ចំនួន ៤២៦ខ្នងផ្ទះ ស្មើនិង ១,៩១៥គ្រួសារ​ លិចផ្លូវជាតិ​ និងផ្លូវខេត្តប្រវែង ៦៣០ម៉ែត្រ ​ផ្លូវលំ ​ជនបទប្រវែង ១០,៦២៤ ម៉ែត្រ ក្នុងនោះខូចខាត ​៤៥០ម៉ែត្រ និងស្ពាន០២កន្លែង បានរងការជន់លិច។

ដោយឡែកពាក់ព័ន្ធវិស័យកសិកម្ម បានរងផលប៉ះពាល់ដល់ស្រូវរដូវវស្សាជាង ​៣,៤២១ ហិកតា ស្មើនិង ១,៦៨៧គ្រួសារ​ ក្នុងនោះផ្ទៃដីខូចខាតចំនួន ៥១៤ហិកតា, ដំណាំឧស្សាហកម្ម រងផល​ប៉ះពាល់ចំនួន ៦៣៩ហិកតា ​ស្មើនិង ៣០៥គ្រួសារ ក្នុងនោះខូចខាត ​១៨២ហិកតា ។ នេះបើ​យោង​តាមរបាយការណ៍ដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទខេត្តព្រះ វិហារ គិតត្រឹមថ្ងៃទី០៤ ​ខែតុលា ឆ្នាំ២០២២នេះ។

មន្ដ្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី០៥ ខែតុលាម្សិលមិញ បាន​ចុះពិនិត្យសិក្សាពីស្ថានភាពទឹកជំនន់ ក្រោយពីទឹកស្ទឹងសែនបន្ដហក់ឡើងយ៉ាងកំហុក និង​នាំ​យកអំណោយផ្ដល់ជូនពលរដ្ឋ រងការលិចលង់ផ្ទះសម្បែងនៅចំណុចអូរបាក់​ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នាឱកាសនោះ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវគិតគូរ​ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ព្រោះសុខភាព​ជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នាលើសពីនេះត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះ​ សត្វអសិរពិស និងកុំឱ្យមានការធ្វេសប្រហែសចំពោះកូនចៅតូចៗ​ ដើម្បីបង្ការគ្រោះថ្នាក់ដោយយថាហេតុ។ បន្ថែមពីនេះ​នៅពេលមានហេតុការណ៍អាក្រក់ណាមួយកើតឡើង​ ត្រូវ​ប្រញាប់ រាយការណ៍​ទៅ​អាជ្ញាធរមានសមត្ថកិច្ច ​ដើម្បីជួយអន្ដរាគមន៍សង្គ្រោះឱ្យបានទាន់ពេលវេលា។

ក្នុងនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ​បានសម្ដែងនូវមនោសញ្ចេតនា ក្ដី​អាណិត​អាសូរការស្រឡាញ់ ​ចែករំលែកនូវការលំបាក ​និងចូលរួមសោកស្ដាយយ៉ាងក្រៃលែង​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ​ដែលទទួលរងគ្រោះដោយទឹកជំនន់ ​ដែលជាគ្រោះធម្មជាតិ​បង្ករឡើង​ដោយការ​ប្រែប្រួល​អាកាសធាតុ ​ធ្វើឱ្យមានការលិចលង់ដល់ផលដំណាំ​ ផ្ទះសម្បែង ​និង​បាត់បង់នូវ​ទ្រព្យ​សម្បត្តិ ​បង្ករឱ្យរងផលប៉ះពាល់ដល់ជីវភាព ​និង​ការរស់នៅ​ ប្រកបរបរចិញ្ចឹម​ជីវិតប្រចាំថ្ងៃ៕

CATEGORIES
Share This