ឯកឧត្តម គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ និងគ្រោងស្តាឡើងវិញ នូវដំណាំស្រូវជាង១ម៉ឺនហិចតា
បន្ទាយមានជ័យ ៖ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីបានដឹកនាំក្រុមការងារគណៈម្មាធិការគ្រប់គ្រងគ្រោះមន្តរាយណ៍ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ជន់លិចស្រូវ និងគ្រោងស្តាឡើងវិញជាង១ម៉ឺនហិចតា នៅខេត្តបន្ទាយមានជ័យ ។
ការចុះពិនិត្យនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ដោយបានពិនិត្យវាលស្រែក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ដែលទឹកជំនន់កំពុងរងផលប៉ៈពាល់ខ្លាំង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់ទៀតផងដែរ ។
ឯកឧត្តម អ៊ុំ រាត្រី បានឲ្យដឹងថា យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ទឹកជំនន់បានបង្កផលប៉ះពាល់២លើក ក្នុងខេត្តបន្ទាយមានជ័យ នៅខែមិថុនា ឆ្នាំ២០២២ ប៉ះពាល់មានស្រុកមង្គលបូរី និងលើកទី២ ទឹកជំនន់ជនលិចនៅខែតុលា ដល់ខែកញ្ញា ឆ្នាំ២០២២ បានប៉ះពាល់ដំណាំប្រជាពលរដ្ឋ ចំនួន៣៣.៦០៥ហិចតា និងខូចខាតស្រូវ ចំនួន៥.០៩៦ហិចតា ស្រូវស្តាឡើងវិញ ចំនួន២.៨៧៨ហិចតា ។ ប្រជាកសិករទឹកលិចស្រូវ ចំនួន៣.៦០៤គ្រួសារ ។
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ក្រោយចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដែលបានជន់លិចស្រូវប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ គឺ មានផ្ទៃដីជាង៣ម៉ឺនហិចតា ហើយសុំអោយគណៈកម្មាធិការគ្រប់គ្រង់គ្រោះមន្តរាយថ្នាក់ខេត្ត និងមន្ទីជំនាញត្រូវសិក្សាអោយបានច្បាស់លាស់ ចំពោះស្រូវដែលលិចទឹកខូចខាត ដែលគ្រោងផ្តល់ស្រូវពូជន៍ពីរាជរដ្ឋាភិបាលកម្ពុជា ស្តារឡើងវិញនៅពេលទឹកជំនន់ស្រកអស់ ។
ឯកឧត្តមបញ្ជាក់ថា ដោយយោងតាមរបាយការណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និងមន្ទីកសិកម្មរុក្ខាប្រម៉ាញនេសាទខេត្ត ស្រែដែលរងការខូចខាតដោយទឹកជំនន់ គ្រោងស្តារឡើងវិញមានផ្ទៃដី១៥.០០០ហិកតា ស្មើប្រជាពលរដ្ឋ ១១.០០០គ្រួសារ ហើយស្រូវដែលត្រូវស្តារឡើងវិញមានប្រភេទស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ា៥១ និង៥៤ ដែលជាស្រូវមិនប្រកាន់រដូវ ហើយទទួលផលលឿនរយៈពេល៣ទៅ៤ខែ ៕