លួចម៉ូតូកង់៣ ហើយគេចខ្លួនបាន៥ថ្ងៃ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាព លួចម៉ូតូកង់បីរបស់ប្រជាពលរដ្ឋ ហើយរត់គេចខ្លួនបាន៥ថ្ងៃ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ព្រំ ប្រុងប្រយ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ពីករណីបាត់ម៉ូតូកង់បី កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចបុរីដួងចន្ទ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចកាស៊ីណូសែនផាឡែស ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើ មានឈ្មោះ ម៉ៃ សុភា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងឈ្មោះ វី លីហ័រ ហៅ អ៊ូក ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉េត ខេត្តបន្ទាយាមានជ័យ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រា និងបង្ក្រាបបទល្មើស បានឲ្យដឹងថា​ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជា បានធ្វើសកម្មភាព លួចម៉ូតូកង់បីរបស់ ជនរងគ្រោះ ខាងលើពិតប្រាកដមែន ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង២នាក់ ទៅតុលាការ កាល​ពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕

CATEGORIES
Share This