ស្នងការខេត្តបន្ទាយមានជ័យ នាំស្បៀងឧបត្ថម្ភនគរបាល កំពុងជួយរំដោះទឹកជំនន់ នៅសាកលវិទ្យាល័យជាតិមានជ័យ
បន្ទយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាអនុគណៈទ្រទ្រង់សាកលវិទ្យាល័យជាតិមានជ័យ បានអញ្ជើញដឹកនាំស្បៀងឧបត្ថម្ភដល់កម្លាំងនគរបាល ដែលកំពុងចុះជួយរំដោះទឹកជំនន់ នៅសាកលវិទ្យាល័យជាតិមានជ័យ ។
ការនាំស្បៀងអាហារឧបត្ថម្ភនេះធ្វើឡើង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅនឹងសាកលវិទ្យាល័យជាតិមានជ័យ ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយមានការចូលរួមផងដែរពីសំណាក់អស់លោក លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងសប្បុរសជន ជាច្រើននាក់ទៀតផងដែរ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានក្រើនរំលឹកដល់កងម្លាំង មានការប្រុងប្រយ័ត្នពីសត្វផ្សេងៗ ក្នុងបំពេញការងារទាំងពេលយប់ និងថ្ងៃ និងត្រូវដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ គឺ កម្លាំងនគរបាលទាំងអស់ត្រូវចូលរួមជួយច្រកដីដាក់ការ៉ុង ដើម្បីធ្វើជាទំនប់បិតទឹក និងកម្លាំងមួយចំនួន យកម៉ាស៊ីនមកបូម ចេញ កុំឲ្យមានការជន់លិចអាគារសិក្សានៃសាកលវិទ្យាល័យជាតិមានជ័យ កាន់តែខ្លាំងជាងនេះ ។
សូមបញ្ជាក់ថា ស្បៀងអាហារដែលត្រូវបាន នាំយកទៅប្រគល់ជូនកងកម្លាំងនគរបាល នាពេលនោះ រួមមាន ៖ អង្ករ ២០គីឡូ ចំនួន៣០ការ៉ុង, ទឹកត្រី១០យួរ ទឹកសុីអុីវ ១០យួរ និងថវិកាមួយចំនូនទៀតផងដែរ ៕