សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា០១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ

ខេត្តបាត់ដំបង! កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ០១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឃុំតាប៉ុនទាំងមូល ដែលបានខិតខំប្រឹងប្រែងរួមសាមគ្គីគ្នាដើម្បីបុព្វហេតុសុខសន្តិភាព ដើម្បីបុព្វហេតុនៃការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដូចជាការខិតខំរួមគ្នាដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រួមគ្នាអភិវឌ្ឍន៍សមិទ្ធផលនានានៅក្នុងឃុំតាប៉ុន ដែលសម្ពោធនាឱកាសនេះ ។

សម្ដេចបានចាត់ទុកការរួមចំណែកនេះថា ជាគម្រូមួយក្នុងចំណោមវិធីជាច្រើនទៀតក្នុងដំណើរការកសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈផ្សេងៗ ហើយជាការពិតភាគច្រើនការកសាងសមិទ្ធផលនានាត្រូវប្រើគ្រឿងចក្រ ប៉ុន្តែពេលខ្លះក៏មានតម្រូវការចូលរួមជាកម្លាំងពលកម្មពីប្រជាពលរដ្ឋផងដែរ និងអ្វីដែលសំខាន់នោះគឺឱ្យតែមានការគោរពសិទ្ធិ និងគោរពផលប្រយោជន៍របស់ប្រជាពលរដ្ឋ មុខជាមិនមានអ្វីជាការខុសឆ្គង ឬប៉ះពាល់នោះឡើយ។

ជាមួយគ្នានេះសម្ដេចក៏បានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាគាំទ្រដំណើរការកសាងសាលារៀនដែលក្លាយជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍សាធារណៈ ហើយសាលាក៏ដូចជាសមិទ្ធផលផ្សេងទៀតនេះ គឺមិនមែនជាសាលាសម្ដេចផ្ទាល់ ឬសប្បុរសជនណាមួយនោះទេ ពោលគឺចាប់ពីពេលនេះទៅ សមិទ្ធផលនេះជារបស់ប្រជាជន របស់អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដូច្នេះត្រូវមានការចូលរួមថែទាំ និងម្ចាស់ការក្នុងការគ្រប់គ្រងពីប្រជាពលរដ្ឋ ហើយសម្ដេចក៏បានប្រកាសពីការត្រៀមលក្ខណៈរបស់សម្ដេច និងក្រុមការងារដើម្បីគាំទ្របន្ថែមទៀតសម្រាប់ការអភិវឌ្ឍមូលដ្ឋានឃុំតាប៉ុននេះ ក៏ដូចជាមូលដ្ឋានផ្សេងទៀតដែរ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានសមល្មមទៅតាមលទ្ធភាព។

សម្ដេចបន្តថា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានដាក់ការប្ដេជ្ញាចិត្ត ហើយបាននឹងកំពុងខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្ស ការស្ថាបនាផ្លូវថ្នល់ ជំរុញការតភ្ជាប់ និងបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងអគ្គិសនីជូនប្រជាពលរដ្ឋ ព្រោះពាក់ព័ន្ធនឹងមូលដ្ឋានខេត្តបាត់ដំបងនារយៈពេលចុងក្រោយនេះហាក់កាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍ ទាំងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិថ្មីៗនេះ ហើយសម្ដេចបានផ្ដល់ទស្សនាទានឱ្យថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក រួមគ្នាសិក្សាដើម្បីស្វែងរកឱ្យឃើញកាន់តែច្បាស់ថា តើហេតុអ្វីបានខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនជាងគេដើម្បីពង្រឹងគុណភាព និងសក្ដានុពលបន្ថែមទៀត។

CATEGORIES
Share This