ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន ឧបត្ថថវិកាដល់មន្ត្រីក្រោមឱវាទ សម្រាប់ព្យាបាលជំងឺ

បន្ទាយមានជ័យ ៖ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានឧបត្ថថវិកាផ្ទាល់ខ្លួន ជួនដល់មន្ត្រីនគរបាលក្រោមឱវាទ ដែលកំពុងមានជំងឺ សម្រាប់ព្យាបាលខ្លួន ។

លោកវរសេនីយ៍ឯក វ៉ាន់ ប៊ុនថា នាយរងប៉ុស្តិ៍នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បានចាត់ឱ្យរូបលោកដឹកនាំក្រុមការងារចំនួន០៣នាក់ នាំយកថវិកាចំនួន១,០០០,០០០រៀល (មួយលានរៀលគត់) ដែលជាផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន ចុះសួរសុខទុក និងប្រគល់ជូនលោកវរសេនីយ៍ទោ សៀង អ៊ិន អត្ថលេខ ៣៦០៩៩ ឋានៈជានាយរងប៉ុស្តិ៍ កំពុងមានជំងឺរលាកពោះវៀនធំ កំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន “នគររាជ” ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមដោះស្រាយបន្ទុកចំណាយក្នុងការព្យាបាលជំងឺផងដែរ ។

សូមរំលឹកថា ជានិច្ចកាលលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិប៉ោយប៉ែត តែងឧបត្ថមនូវថវិកាផ្ទាល់ខ្លួនរបស់លោក ជួយដល់មន្ត្រីនគរបាលក្រោមឱវាទ ដែលមានជំងឺត្រូវសម្រាកព្យាបាល ឬមន្ត្រីដែលកំពុងជួបការលំបាកផ្សេង ៗ ជាញឹកញាប់ ដោយមិនទុកឱ្យមន្ត្រីក្រោមឱវាទរបស់លោកណាម្នាក់ ត្រូវជួបការលំបាក ដោយគ្មានការយកចិត្តទុកដាក់នោះឡើយ ៕

CATEGORIES
Share This