ប្រជាពលរដ្ឋសាទរចំណាត់ការរបស់សម្តេចតេជោក្នុងការសោះស្រាយភូមិសាស្ត្រព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង។
បាត់ដំបង៖ ប្រជាពលរដ្ឋខេត្តប៉ៃលិន និងខេត្តបាត់ដំបងមានការសប្បាយរីករាយក្រោយទទួលបានចំណាត់ការយ៉ាងច្បាស់លាស់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោសែន ក្នុងការដោះស្រាយភូមិសាស្ត្រព្រំប្រទល់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ប្រតិភូរដ្ឋបាលខេត្តប៉ៃលិនដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងប្រតិភូរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ តាមបណ្តាមន្ទីរសំខាន់ៗក្នុងខេត្តនិងអាជ្ញាធរស្រុក និងមូលដ្ឋានពាក់ព័ន្ធ ចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្ររវាងខេត្តទាំងពីរមានស្រុកកំរៀងនៃខេត្តបាត់ដំបង ជាប់ជាមួយស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន និងស្រុកសំឡូត ជាប់ជាមួយក្រុងប៉ៃលិន នៃខេត្តប៉ៃលិន ។
ការចុះពិនិត្យទីតាំងនេះក្នុងគោលបំណងដើម្បីធ្វើការផ្ទៀងផ្ទាត់ផ្ទាត់ និងកែសម្រួលផែនទីភូមិសាស្ត្រក្នុងស្រុក និងខេត្តគោលដៅទាំង២នេះឱ្យបានច្បាស់លាស់ក្នុងការឆ្លើយតបតាមការណែនាំ និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីកំណត់ព្រំប្រទល់រដ្ឋបាលនៃខេត្តពាក់ព័ន្ធទាំងពីរនេះឲ្យបានត្រឹមត្រូវសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។
តាមរយៈនៃការចុះត្រួតពិនិត្យនោះអភិបាលខេត្តប៉ៃលិន ស្នើសុំយកព្រំប្រទល់នៃស្ទឹងនៅស្រុកកំរៀងនៃខេត្តបាត់ដំបង ជាប់ជាមួយស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន និងស្រុកសំឡូត ជាប់ជាមួយក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ដោយក្នុងនោះអភិបាលខេត្តទាំងពីរបានជំរុញឱ្យគ្រប់ស្ថាប័នមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកនីមួយៗព្រមទាំងក្រុមការងារភូមិបាលស្រុកធ្វើការពិនិត្យផ្ទៀងផ្ទាត់កែសម្រួលដើម្បីស្រង់ទិន្នន័យ និងផ្ទៃដីព្រំប្រទល់មូលដ្ឋានទាំងនោះ ដើម្បីដាក់នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ។
តំណាងប្រជាពលរដ្ឋរស់នៅចំណុចអូរស្លេវ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ពួកគាត់ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំនៃខេត្តទាំងពីរក្នុងការដោះស្រាយភូមិសាស្ត្រព្រំប្រទល់ខេត្តទាំងពីរនេះ។
សូមបញ្ជាក់ថា ការចុះពិនិត្យកែសម្រួលរវាងព្រំដែនរដ្ឋបាលនៃខេត្តបាត់ដំបងនិងខេត្តប៉ៃលិន នាពេលនេះបានធ្វើឡើងតាមបទបញ្ជា និងការណែនាំពីសម្តេចតេជោ ហ៊ុន សែន ដោយឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិនត្រូវធ្វើការដោះស្រាយ បញ្ហាព្រំប្រទល់តំបន់រដ្ឋបាលរវាងខេត្តទាំងពីរនេះឱ្យបានច្បាស់លាស់ ក្នុងរយៈពេល២សប្តាហ៍ ត្រូវតែធ្វើឱ្យបានរួចរាល់ ដោយក្នុងនោះសម្តេចបានបញ្ជាឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ មានសិទ្ធិស្របច្បាប់លើទីតាំង ដែលកំពុងរស់នៅបច្ចុប្បន្ន ក៏ដូចជាដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះឆ្នោតជាពិសេស គឺផ្តល់ភាពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅតំបន់នោះ ។