យុវជនកម្ពុជា (ក្រុម១៥៧) នាំអំណោយសួរសុខទុក្ខ កុមារកំព្រា នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹម (ទី២) ស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងកុមារកំព្រា ១២៩នាក់ នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹម (ទី២) ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលត្រូវបានជម្លៀសពីគ្រោះទឹកជំនន់ មករកទីទួលសុវត្ថិភាព ។

ការសួរសុខទុក្ខនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្រោយផ្សារ ធំថ្មីបុរីជ័យ២ចំការតាដោក ក្រោយវត្តមានរបស់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខាសាខេត្តបន្ទាយមានជ័យ លោក អ៊ូ សុភាព អភិបាលរង តំណាងលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី រួមនិងសមាជិក សមាជិកា និងកងកម្លាំងទាំង៣ប្រភេទ ជាច្រើននាក់ទៀត ចូលរួមផងដែរ ។ 

ឆ្លៀតក្នុងឱកាសនោះលោក ចៅ ជីអាន បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជន (ក្រុម១៥៧) និងបានមានប្រសាសន៍ ចូលរួមសោកស្តាយ ដល់រដ្ឋបាលស្រុកមង្គលបូរី ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅក្នុងស្រុកមង្គលបូរី ទាំងមូល ។ 

លោក​បន្តថា ជំនួសមុខអោយថ្នាក់ដឹកនាំ​ និងសមាជិក​ សមាជិកា នៃសមាគមចលនាយុវជន​កម្ពុជា (ក្រុម១៥៧​) ទូទាំងខេត្ត​បន្ទាយមានជ័យ​ សូមថ្លែងអំណរគុណដល់រដ្ឋបាលស្រុកមង្គលបុរី ដែលបានជួយសម្របសម្រួល និងបានរៀបចំចាត់ចែង អោយក្រុមការងារ បានរៀបចំធ្វើពិធីនាពេលនេះ និងសូមផ្តាំផ្ញើដល់បងប្អូន កូនក្មួយ ក្រោយពីបានជន្លៀស មកស្នាក់នៅបណ្តោះអាសន្ន នៅទីទួលសុវត្ថិភាពនេះហើយ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ កុំទៅលេងទឹកផ្តេសផ្តាស ជៀសវាងកើតមានគ្រោះថ្នាក់ផ្សេង ៗ ជាយថាហេតុ ជាពិសេសត្រូវសូមប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិសផ្សេង ៗ ។ 

សូមបញ្ជាក់ថា អំណោយដែល ត្រូវបាននាំយកមកប្រគល់ជូន នាពេលនេះ រួមមាន ៖ អង្ក៥០គីឡូក្រាម ចំនួន២០ការ៉ុង, មី ៣០កេស, ទឹកស៊ីអ៊ីវ ៣០យួរ, ទឹកត្រី ៣០យួរ, ត្រីខ ៣០យួរ, ទឹក​សុទ្ធ ៣០០យួរ, សាប៊ូ ១២៩ដុំ រួមនិងថវិកាមួយចំនួនទៀតផងដែរ ។ 

ឆ្លើយតបទៅនឹងការនាំអំណោយសួរសុខទុក្ខនេះ លោក ពៅ គឹមសៀង ប្រធានមណ្ឌលសង្គ្រោះជនអស់សង្ឃឹម (ទី២) ស្រុកមង្គលបូរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងអាជ្ញាធរ ដែលបានគិតគូរពីសុខទុក្ខរបស់ក្មួយៗ កុមារកំព្រា ក្នុងគ្រាលំបាកលំបាកបំផុតនេះ ។ ជំនួសមុខអោយកូនៗ កុមារកំព្រា និងបុគ្គលិកទាំងអស់ សូមគោរពជូនពរឯកឧត្តមប្រធាន និងក្រុមការងារទាំងអស់ ជូបប្រទះតែនឹងសេចក្ដីសុខសាន្ត រីកចម្រើន និងជោគជ័យគ្រប់ភារៈកិច្ចការងារ ៕

CATEGORIES
Share This