កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធ ករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ លន់ ភ័ស្ដ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ស្តីពីករណី លួចសម្ភារៈសំណង់ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ រួមាន ៖ ១-ឈ្មោះ ហឿត វិច្ឆិកា ហៅផុក ភេទប្រុស អាយុ២០ឆ្នាំ, ២-ឈ្មោះ ខុន វិន ភេទប្រុស អាយុ៣៩ឆ្នាំ, ៣-ឈ្មោះ ម៉ាន មេឃ ភេទប្រុស អាយុ៣០ឆ្នាំ បានធ្វើសកម្មភាពលួចយកសម្ភារៈសំណង់ កាត់ខ្សែភ្លើង និងដែកក្រចាប់រន្ទា និងកំណាត់ដែក នៅក្នុងការដ្ឋានប៉ាណាគ្រី ដែលមានទីតាំងនៅភូមិភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ រួមទាំងដកហូតវត្ថុតាងមួយចំនួនដូចជា ៖ ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រៃវែង1M-7233 ចំនួន០១គ្រឿង, ២.កំណាត់ខ្សែភ្លើង ចំនួន០១ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៣.ក្រចាប់ចាប់ដែករន្ទា ចំនួន២៧ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៤.កំណាត់ដែកតំណរ រន្ទា  ចំនួន១០កំណាត់ (ប្រគល់ជូនជនរងគ្រោះវិញ) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួចសម្ភារៈសំណង់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។  

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យោងតាមពាក្យបណ្ដឹង និងសចម្លើយសារភាព ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕

CATEGORIES
Share This