ល្បួងក្មេងស្រីអនីតិជន រំលោភបានសម្រេចជាច្រើនដង ត្រូវម្តាយជនរងគ្រោះតាមទាន់ ប្តឹងអាវុធហត្ថចាប់ខ្លួន

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនតាមបណ្តឹងម្តាយជនរងគ្រោះ បន្ទាប់ពីបានធ្វើសកម្មភាពល្បួងក្មេងស្រីអនីតិជនអាយុក្រោម១៥ឆ្នាំ រំលោភបានសម្រេចជាច្រើនដង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឈ្មោះ ស.ស.ភ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរាយការណ៍មកថា គាត់បានតាមទាន់កូនស្រីបង្កើតឈ្មោះ ភ.ក.ញ អាយុ១៤ឆ្នាំ កំពុងតែដេកនៅផ្ទះសំណាក់ ពៅ ពិសី ជាមួយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានរត់គេចខ្លួន ពេលដែលរូបគាត់បានទៅដល់។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ទូច តុលា ភេទប្រុស អាយុ២១ឆ្នាំ នៅចំណុចឃ្លាំងលក់ដែក លឹម សេងហួរ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី ។

លោកបន្តថា ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនជាមួយកូនស្រីដើមបណ្តឹងឈ្មោះ ភ.ក.ញ បានស្គាល់គ្នាតាមរយៈមិត្តភត្តិ ក្នុងថ្ងៃសង្ក្រាន្តពេលចូលឆ្នាំ ដោយឃើញជនរងគ្រោះសើម ក៏បបួលទៅបន្ទប់របស់ខ្លួន និងបានឱ្យជនរងគ្រោះផ្លាស់សម្លៀកបំពាក់សើមចេញ ឃើញមានឱកាសល្អខ្លួនក៏បានស្ទាបអង្អែលជនរងគ្រោះ និងបានរួមរ័កជាមួយគ្នា បានច្រើនដងផងដែរ ។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញថាពិតជាមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីករណីខាងលើ ហើយរងការចោទប្រកាន់ពីបទ រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ពិតប្រាកដមែន។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This