អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំរថយន្តពន្លត់អគ្គីភ័យ ដឹកទឹកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកនៅក្នុងឃុំឫស្សីក្រោក ចំនួន៤ភូមិ
បន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការនគរបាលស្រុកមង្គលបូរី និងរថយន្តពន្លត់អគ្គីភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកទឹកជួយអន្តរាគមន៍ជូយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកមង្គលបូរី ចំនួន៤ភូមិ ជាង២០០គ្រួសារ ក្នុងឃុំឬស្សីក្រោក កំពុងប្រឈមជាមួយនឹងការខ្វះខាតទឹកប្រើប្រាស់។
នាឱកាសនោះផងដែរឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទូទាំងខេត្ត ចូលរួមប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់ ព្រោះក្នុងរដូវប្រាំងនេះ ពិសេសក្នុងស្រុកមង្គលបូរី ជាស្រុកមួយដែលកំពុងប្រឈមការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ខ្លាំង ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបបូរី បានបញ្ជាក់ឱ្យដឹងថា ឃុំដែលកំពុងប្រឈមខ្វះខាតទឹកប្រើប្រាស់ គឺ ឃុំឬស្សីក្រោក មាន៤ភូមិ។ ជាក់ស្ដែងឯកឧត្តម អុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានដឹកនាំនៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងអធិការនគរបាលស្រុក សរុបចំនួន៣គ្រឿង រួមនិងរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួន៤គ្រឿង ដើម្បីដឹកទឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកនៅភូមិចំនួន៤ មាន ៖ ភូមិព្រែករល្ពៅ , ភូមិនាងកេត , ភូមិហ្លួង និងភូមិឬស្សីក្រោក សរុបប្រមាណជិត២០០គ្រួសារ។
លោកអភិបាលស្រុកបន្តថា នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ក៏ប្រឈមនឹងការខ្វះខាតទឹកផងដែរ ក្នុងនោះកងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងអធិការនគរបាលស្រុក បានដឹកទឹកដើម្បីផ្គត់ផ្គង់មន្ទីរពេទ្យខាងលើជាប្រចាំផងដែរ រហូតទាល់តែមានទឹកប្រើប្រាស់ឡើងវិញ ៕





