ឣាវុធហត្ថស្រុកម៉ាឡៃ ឃាត់ខ្លួនអ្នករត់តាក់ស៊ីម្នាក់ បញ្ជូនទៅតុលាការ ខណៈដឹកពលករបម្រុងឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ ៖ បុរសជាអ្នករត់តាក់ស៊ីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួន ខណៈដឹកជញ្ជូនពលករបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្ដតាក់ស៊ី បានដឹកពលករទៅលាក់ទុកនៅព្រៃចម្ការមួយកន្លែង ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចុះទៅដល់ទីតាំងកើតហេតុ ហើយធ្វើការហៅជាម្ចាស់តាក់ស៊ីដឹកពលករឈ្មោះ ណៃ ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ទីកន្លែងកំណើតភូមិចំណោមកំពែង ឃុំចំណោម ស្រុកតាកែវ ខេត្តតាកែវ  អាសយដ្ឋានបច្ចុប្បន្នភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត​បាត់ដំបង​ រួមនឹងថយន្ត១គ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8571 និងពលករចំនួន១៣នាក់ មកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកតែម្ដង។

លោកបន្តថា ពលករចំនួន១៣នាក់ ក្រោយសមត្ថកិច្ចសួរនាំរួចទើបដឹងថា ពួកគេមានបំណងចេញទៅប្រទេសថៃ តាមច្រករបៀងដោយខុសច្បាប់ បន្ទាប់មកកម្លាំងជំនាញ អាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការណែនាំ ធ្វើកិច្ចសន្យា និងបានឱ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំណែកជនសង្ស័យឈ្មោះ ណៃ ប៊ុនធឿន បានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងអស់នោះ ដើម្បីលួចឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ហើយខ្លួនក៏ធ្លាប់បានដឹកពលករ ចំនួន២លើក រួចមកហើយដែរ ហើយលើកទី៣នេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This