រថយន្តដឹកកម្មករមួយគ្រឿង បើកបុកដើមឈើ នៅកំណាត់ផ្លូវជាតិលេខ៤៤ សមត្ថកិច្ចកំពុងជួយសង្គ្រោះអ្នករងរបួស

កំពង់ស្ពឺ​ ៖​ សមត្ថកិច្ចកំពុងជួយអន្តរាគមន៍ និងសង្គ្រោះកម្មករ គ្រាដែលរថយន្តដែលដឹកកម្មករនោះជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បុកជាមួយដើមឈើដែលស្ថិតនៅអមបណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្តដែលរងគ្រោះថ្នាក់ចរាចរណ៍ជារថយន្តក្រុងប្រភេទ៥៥កៅអី ដឹកកម្មកររោងចក្រពេញរថយន្តទៅធ្វើការ។នៅមុនកើតហេតុរយន្តមួយនេះបានប៉ះជាមួយរថយន្តមួយគ្រឿងផ្សេងទៀតម៉ាកហ្វតដែលបើកបញ្ច្រាស់ទិសគ្នា បន្ទាប់មកក៏ជ្រុលទៅបុកជាមួយដើមឈើពេញទំហឹង បណ្តាលឱ្យកម្មករដែលជិះក្នុងរថយន្តនោះស្លាប់និងរងរបួសធ្ងន់ស្រាល។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបាននិងកំពុងជួយអន្តរាគមន៍សង្គ្រោះនិងដឹកកម្មករទៅកាន់មន្ទីរពេទ្យ។ជាមួយនិងការជួយសង្គ្រោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីចំនួននៃអ្នករងគ្រោះនៅឡើយទេ៕

ដោយ ៖ មាស សំអូន

CATEGORIES
Share This