លោកអ៊ុំ រាត្រី ៖ តួអង្គស្នូលសំខាន់ចំនួន៥ ត្រូវខិតខំយកចិត្តទុកដាក់ផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ
បន្ទាយមានជ័យ ៖លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិវាលខេត្តបន្ទាយមានជ័យតួអង្គស្នូលសំខាន់ ៗ ចំនួន៥រួមមាន ៖ ១.មេឃុំ-ចៅសង្កាត់ , ២.ស្មៀនឃុំ, ៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់, ៤.មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង៥.មេភូមិ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវា សាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឥរិយាបថល្អក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយ មិនត្រូវមានការរើសអើង ការបែងចែកបក្សពួក និងនិន្នាការនយោបាយនោះឡើយ។
ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានជម្រុញ ណែនាំ ដល់កងកម្លាំងគ្រប់អង្គភាព អាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ អង្គភាព មន្រ្តីពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត «គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» និងបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន រាល់បញ្ហាដែលកើតមាននៅមូលដ្ឋាន ត្រូវឆាប់ដោះស្រាយឲ្យបានទាន់ពេលវេលា ទោះតូចតាច តិចតួចក្ដី ជៀសវាងបង្កឲ្យកើតជាបញ្ហាធំ ដើម្បីបង្ការទប់ស្កាត់សកម្មភាពដែលបំផុសបំផុលបំប៉ោងបំភ្លៃការពិតក្នុងសង្គម ការ ញុះញង់ អុជអាលប៉ុនប៉ងបង្កឲ្យ មានអស្ថិរភាពក្នុងសង្គម។ បន្តជំរុញចលនាប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តគោលនយោបាយ“ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន។ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជួញដូរ មនុស្ស អាជីវកម្មផ្លូវភេទ ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនឲឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ។
ការថ្លែងដូចនេះក្នុងឧកាសដែលលោកអ៊ុំ រាត្រីរួមនិងលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តអញ្ឃើញចូលរួមក្នុងពិធីប្រកាសតែងតាំងលោក សឿន ចាន់ស ជាប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ទឹកថ្លា ជំនួសលោក ខាំ សរ ចៅសង្កាត់ចាស់ ដែលបានទទួលរមណៈភាព រួមនឹងប្រកាសតែងតាំងលោក ឌី ហៀង ជាចៅសង្កាត់ទី១ រួមនឹងប្រកាសតែងតាំងសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន២រូបបន្ថែមទៀតនៅសាលសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណកាលពីរសៀលថ្ងទី០៦ ខែឧសភា ឆ្នាំ ២០២៥ ។
ឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់ថ្នាក់ដឹកនាំលោក សឿន ចាន់ស ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ទឹកថ្លា ថ្មី បានប្តេជ្ញាចិត្ត ៖ គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រម្ពុជា ឲ្យបានខ្ជាប់ខ្ជួន, ខិតខំ យកអស់កំលាំងកាយចិត្ត គោរព និងអនុវត្ត យុទ្ធសាស្ត្របច្ចកោណ តំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ, ធានាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ តាមគន្លងនីតិរដ្ឋ ដើម្បីលើក កម្ពស់ ការអភិវឌ្ឍន៍មូលដ្ឋាន និងធ្វើអោយប្រជាជនបានរស់នៅ ដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព, ពង្រឹងអោយមានសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមកាន់តែល្អប្រសើរ, ធានាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាពនិងជឿទុកចិត្ត ដោយការដេីម្បីប្រសិទ្ធភាពការងារនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ៕











